Social Network

ឥណ្ឌូណេស៊ីចេញមុខអះអាងថា​ «ជនជាតិកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធការធ្វើឃាតលោក គីម ជុងណាំ បានចាកចេញទៅកាន់ទីក្រុងឌូបៃ!

(ហ្សាការតា)៖ មន្រី្តអន្តោប្រវេសន៍ ឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា បុរសជាជនជាតិកូរ៉េខាងជើង ០៣នាក់ ក្នុងចំណោម០៤នាក់ ដែលជាប់សង្ស័យ មានពាក់ព័ន្ធនឹងអំពើឃាតកម្ម លើលោក គីម ជុងណាំ បានចាកចេញតាមជើងហោះហើរមួយ ពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងឌូបៃ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីយប់នៃថ្ងៃមានឃាតកម្មនេះកើតឡើង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ មន្ត្រីដដែលបានដឹងទៀតថា ជនសង្ស័យមានឈ្មោះ Ri Jae Nam, Hong Song Hac និងRi Ji Hyon បានចាកចេញពីទីក្រុង ហ្សាការតា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ តាមជើងហោះហើរ EK0359 នៃក្រុមហ៊ុនអាកាសចរណ៍ Emirate នៅម៉ោង១០៖២០នាទីយប់ (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃចន្ទ កន្លងទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួនកំពុងតាមរកជនសង្ស័យ០៤នាក់ ជាជនជាតិកូរ៉េខាងជើង ដែលបានចាកចេញពីប្រទេសបន្ទាប់ពី លោក គីម ជុងណាំ ត្រូវបានគេធ្វើឃាត នៅឯព្រលានយន្ដហោះអន្តរជាតិ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ។ ជាងនេះទៅទៀត បើតាមសារព័ត៌មានម៉ាឡេស៊ី The Star ជនសង្ស័យទំាង០៤នាក់នេះ បានត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ដោយកាត់តាមទីក្រុងហ្សាការតា ឌូបៃ និងទីក្រុងវ្ល៉ាឌីវ៉ូស្ដុក នៃប្រទេសរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News