Social Network

ម៉ាឡេស៊ី ជឿជាក់ថាជនសង្ស័យ​ទាំងបួន​នាក់ ដែល​កំពុងស្វែងរកចាប់ខ្លួន បានត្រឡប់​ទៅ​ដល់ទីក្រុង​ព្យុង​យ៉ាងវិញ​ហើយ!

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី បានឱ្យដឹងថា កំពុងតាមស្វែងចាប់ខ្លួន ជនសង្ស័យជនជាតិកូរ៉េខាងជើង ៤នាក់ ផ្សេងទៀត នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីម ជុងណាំ ដែលត្រូវបានគេបំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋាន ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន។

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ខាងប៉ូលិសម៉ាឡេស៊ី ក៏បានជឿជាក់ដែរថា ពួកគេទំាងនេះទំនងជា បានត្រឡប់ទៅដល់ ទីក្រុងព្យុងយ៉ាងវិញហើយ គឺតាំងតែពីថ្ងៃទី១៧ ខែកុម្ភៈមកម្ល៉េះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមប៉ូលិសម៉ាឡេស៊ី មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ដាក់ការសង្ស័យកាន់តែច្បាស់ថា កូរ៉េខាងជើង ជាអ្នកនៅពីក្រោយ នៃអំពើឃាតកម្មនេះ។

សូមជំរាបថា ប៉ូលិសម៉ាឡេស៊ី បានចាប់ចារកជន និងជាជនសង្ស័យ ចំនួន៤នាក់រួចហើយ ក្រោយអំពើឃាតកម្មនោះរួមមាន ស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Siti Aisyah និងមិត្តប្រុស ជាជនជាតិម៉ាឡេស៊ីរបស់នាង មានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេស កូរ៉េខាងជើង នៅក្នុងរដ្ឋធានីគូឡាឡាំពួរ៕

ដកស្រង់ពី៖ Fresh News