Social Network

ជនសង្ស័យ​​សម្លាប់​​បងប្រុស​លោក គីម ជុងអ៊ុន នឹងបង្ហាញខ្លួន​​នៅចំពោះមុខ​តុលាការ​​ម៉ាឡេស៊ី!​

(សេអ៊ូល)៖ ជនសង្ស័យជាស្ត្រីម្នាក់ នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប៉ូលិសម៉ាឡេស៊ី ទើបតែចាប់បាន អ្នកពាក់ព័ន្ធម្នាក់ទៀត រីឯរដ្ឋាភិបាល កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ជឿថាអំពើឃាតកម្មនេះ ត្រូវបានដឹកនាំដោយ របបដឹកនាំទីក្រុងព្យុងយ៉ាង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមប៉ូលិសម៉ាឡេស៊ី ស្ត្រីសង្ស័យទីមួយ កាន់លិខិតឆ្លងដែនវៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងខេត្ត Nam Dinh ដែលត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃពុធ នៅឯកន្លែងរង់ចាំចេញដំណើរទី២ នៃអាកាសយានដ្ឋាន ទីក្រុងគូឡាឡាំពួរ បន្ទាប់ពីមានការពិនិត្យមើល កាមេរ៉ាសុវត្ថិភាពនៅទីនោះ មួយថ្ងៃមុនស្ត្រីទីពីរ ត្រូវបានចាប់ឃុំខ្លួន  ប៉ុន្តែមិនទាន់ មានការបញ្ជាក់ អត្តសញ្ញាណនៅឡើយ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ ស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណី បំពុលសម្លាប់លោក គីម ជុងណាំ ក៏ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ និងឃុំខ្លួនផងដែរ ក៏ប៉ុន្តែភ្លាមៗពុំទាន់មាន សេចក្ដីរាយការណ៍លម្អិត ទាក់ទិននឹងជនសង្ស័យនេះទេ៕

ដកស្រង់ពី៖ Fresh news