Social Network

ស្វែងយល់ទាំងអស់គ្នា! តើមូលហេតុអ្វី ទើបបណ្តាលឲ្យបងប្រុសលោក គីម ជុងអ៊ុន ត្រូវគេសម្លាប់?

(សេអ៊ូល)៖ មរណៈភាព បងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉ខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បាននិងកំពុងធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ខណៈសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែសង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាង អាចជាអ្នកនៅពីក្រោយ អំពើឃាតកម្មនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក គីម ជុងណំា មានអាយុ៤៦ឆ្នាំ កើតនៅក្នុងទីក្រុងព្យុងយ៉ាង គឺជាកូនប្រុសច្បង នៃអតីតមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល ជាមួយនឹងលោកស្រី សុង ហ៊ីរីម (Song Hye-rim) ដែលជាសិល្បករកូរ៉េខាងជើងម្នាក់។ ករណីឃាតកម្មលើរូបលោក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ក៏ប៉ុន្តែ បើតាមសេចក្ដីរាយការណ៍ដំបូង លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Kuala Lumpur កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកម្មកូរ៉េខាងជើង ដែលបានទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្នស្ត្រីទាំងពីរនាក់នេះ កំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចនៅឆ្នាំ ២០១១មក មេដឹកនាំវ័យក្មេងរូបនេះ បានចាប់ផ្ដើមពង្រឹងអំណាច តាមរយៈការបោសសំអាត រាល់មន្ត្រីកូរ៉េខាងជើងទំាងឡាយណា ដែលលោកសង្ស័យថាជាជនក្បត់ ឬក៏គំរាមកំហែង ដល់អំណាចរបស់លោក ពោលគឺសូម្បីតែពូបង្កើត គឺលោក ចាង សុងតេក ក៏មិនអាចគេចផុត ពីទោសប្រហារជីវិតដែរ។ ដូច្នេះទើបករណីឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាងបច្ចុប្បន្ន អាចជាអ្នកបញ្ជានៅពីក្រោយ។

ម្យ៉ាងវិញទៀតការសន្និដ្ឋានបែបនេះ ក៏មិនមែនគ្មានមូលដ្ឋាននោះដែរ ត្បិតគេធា្លប់បានដឹងហើយថា លោក គីម ជុងណាំ គឺជាមនុស្សម្នាក់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ឥស្សរៈជនចិនជាន់ខ្ពស់ជាច្រើននាក់ និងរស់នៅក្រោមការការពារ ពីសំណាក់អាជ្ញាធរចិន ហើយមិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ដែលស្និទ្ធនឹងលោក គីម អ៊ីលស៊ុង (ជីតាលោក គីម ជុងណាំ និងលោក គីម ជុងអ៊ុន) ក៏ពេញចិត្តពេញថ្លើមនឹងរូបលោកផងដែរ រហូតដល់មានពាក្យចរចាមអារ៉ាម នៅអំឡុងឆ្នាំ២០១១ថា លោកអាចនឹងឡើងបន្តតំណែង ជំនួសលោក គីម ជុងអ៊ីល ទៀតផង។

គួររំលឹកថា កាលពីឆ្នាំ២០១៤ លោក គីម ជុងណាំ ត្រូវបានគេជូនដំណឹងថា លោកអាចនឹងមានគ្រោះថ្នាក់ បន្ទាប់ពីលោក ហ៊ានរិះគន់លើរបបដឹកនាំលោក គីម ជុងអ៊ុន។ ជាងនេះទៅទៀតកាលពីឆ្នាំ២០១១ សារព័ត៌មានកូរ៉េខាងត្បូង នាំគ្នាចុះផ្សាយព្រោងព្រាតថា លោកត្រូវបានគេប៉ុនប៉ងធ្វើឃាត នៅក្នុងទីក្រុងម៉ាកាវ ក៏ប៉ុន្តែទីភ្នាក់ចារកម្មចិន បានរារាំងទាន់ពេលវេលា រីឯទីក្រុងព្យុងយ៉ាង បានក្លាយជាជនសង្ស័យទី១ នៅក្នុងកែវភ្នែក រដ្ឋាភិបាលទីក្រុងសេអ៊ូល៕

ដកស្រង់ពី៖ Fresh News