Social Network

ក្តៅៗ! ភ្លើងឆេះព្រៃដ៏សម្បើម កំពុងដុតបំផ្លាញផ្ទៃដីជិត​មួយពាន់ហិកតា​ និងបង្ខំមនុស្សជាច្រើនភៀសខ្លួន នៅរដ្ឋអូក្លាហូម៉ា, អាមេរិក

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ បានរីករាលដាលឡើង នៅក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែលផ្ទៃដីរាប់រយហិកតា កំពុងរងការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ពីលំនៅឋានរបស់ពួកគេ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ហេតុការណ៍ភ្លើងឆេះព្រៃខាងលើ បានកើតឡើងនៅទីក្រុងមួយ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃរដ្ឋអូក្លាហូម៉ា រីឯដើមហេតុនៃអគ្គិភ័យនេះ នៅតែពុំទាន់ត្រូវបានអាជ្ញាធរ អាមេរិកដឹងច្បាស់នៅឡើយទេ ខណៈឧទ្ធម្ភាគចក្រជាច្រើនគ្រឿង កំពុងព្យាយាមទប់ស្កាត់ ការរីករាលដាល កាន់តែខ្លាំងឡើង នៃភ្លើងឆេះព្រៃនេះ ដោយធ្វើការទម្លាក់ទឹកពីលើអាកាស ហើយក្រុមពន្លត់អគ្គិភ័យ ជាច្រើននាក់ ក៏កំពុងតែខិតខំប្រឹងប្រែង យ៉ាងសស្រាក់សស្រាំបំផុត ក្នុងពន្លត់អគ្គិភ័យនៅលើដីផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ភ្លើងឆេះនេះបានដុតបំផ្លាញផ្ទៃដីប្រហែល ៣៥៥ហិកតា ហើយរួមជាមួយនិងមនុស្សរាប់រាយនាក់ ត្រូវបានជម្លៀសខ្លួន ដើម្បីបង្ការគ្រោះថ្នាក់ ដែលអាចកើតមានឡើង។ ដោយឡែករដ្ឋអូក្លាហូម៉ាវិញ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការប្រកាសអាសន្នរបស់ទីភ្នាក់ងារទប់ស្កាត់អគ្គីភ័យជាតិរ ហូតដល់ឆ្នាំទី១៤ ខែកុម្ភៈនេះ ដោយសារតែហានិភ័យនៃភ្លើងឆេះព្រៃ នៅតែមានកម្រិតខ្ពស់ខ្លាំងដដែល៕

ដកស្រង់ពី៖ Fresh News