Social Network

អតីតប្រធានាធិបតីហ្វីលីពីន «ចេញមុខបង្ហាញក្តីព្រួយ​បារម្ភខ្លាំង​ចំពោះលោក ឌូតើតេ» ជុំវិញ​វប្បធម៌​និទណ្ឌភាព និង​ការសម្រេចចិត្ត​អត្តនោម័តិ!

(ម៉ានីល)៖ អតីតប្រធានាធិបតី ហ្វីលីពីនពីឆ្នាំ (១៩៩២-១៩៩៨) លោក ហ្វីឌែល រ៉ាម៉ូស (Fidel Ramos) បាននិយាយថា សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កំពុងបង្កើន វប្បធម៌និទណ្ឌភាព ខណៈប្រធានាធិបតីហ្វីលីពីន បច្ចុប្បន្នរូបនេះបាន និងកំពុងធ្វើការសម្រេចចិត្ត ដោយអត្តនោម័ត លើគោលនយោបាយជាច្រើន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ហ្វីឌែល រ៉ាម៉ូស ធ្លាប់បានគាំទ្រយ៉ាងខ្លំាង ដល់លោក ឌូតើតេ នៅអំឡុង នៃយុទ្ធនាការឃោសនាបោះឆ្នោត ក៏ប៉ុន្តែ ដោយសារតែសង្រ្គាមគ្រឿងញៀន លោកបានក្លាយជាមនុស្សម្នាក់ ដែលរិះគន់ចំៗថា លោក ឌូតើតេ បានសម្រេចចិត្ត អត្តនោម័តជាច្រើន ជាពិសេសពាក់ព័ន្ធនឹងវិធានការ សន្តិសុខតែម្ដង។លោក រ៉ាម៉ូស នៅក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍ News Channel Rappler បានកត់សម្គាល់ថា សង្រ្គាមប្រឆាំងគ្រឿងញៀនបច្ចុប្បន្ន កំពុងបង្កើនវប្បធម៌និទណ្ឌភាព ក៏ប៉ុន្តែលោកមិនចង់ហៅថា វប្បធម៌និទណ្ឌភាពនេះទេ ព្រោះលោកយល់ថា វាមិនទាន់យឺតពេលនៅឡើយ ក្នុងការកែប្រែស្ថានភាពឡើងវិញ។

ដោយឡែក ឆ្លើយតបនឹងសំណួរ ជុំវិញបំណងប្រើប្រាស់ យោធារបស់លោក ឌូតើតេ លោក រ៉ាមូស លើកឡើងដូច្នេះថា « ប៉ូលិសនិងយោធាត្រូវបានបណ្ដុះបណ្ដាល ដាច់ដោយឡែកពីគ្នា ដូច្នេះការងាររបស់ប៉ូលិស វាខុសគ្នាពីប្រតិបត្តិយោធា។ ជាងនេះទៅទៀត ផ្អែកលើមូលដ្ឋានច្បាប់ អ្នកគួរតែទាញកំាភ្លើងបាញ់ ដើម្បីរារាំងសកម្មភាពណាមួយ មិនមែនដើម្បីសម្លាប់មនុស្សនោះទេ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលនៃសង្រ្គាម ប្រឆាំងគ្រឿងញៀន ជាង៧ខែមកនេះ មនុស្សប្រមាណ៧,៦០០នាក់បានបាត់ជីវិត ដែលនេះជារបាយការណ៍របស់ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News