Social Network

ប្រកាសអាសន្ន! «ទំនប់វារីអគ្គិសនីខ្ពស់បំផុតនៅអាមេរិក ជិតបាក់ហើយ» ខណៈប្រជាជនជាច្រើនកំពុងភៀសខ្លួន​ចេញយ៉ាងទាន់ហន់!

(វ៉ាស៊ីនតោន)៖ ប្រជាជនទាំងអស់ ដែលរស់នៅក្រោម ទំនប់វារីអគ្គិសនី ដ៏ខ្ពស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្បែរទីក្រុង Orovilleក្នុងតំបន់រដ្ឋកាលីហ្វរញ៉ាភាគខាងជើង ត្រូវបានបញ្ជាឲ្យនាំគ្នាធ្វើការជម្លៀសខ្លួនចេញជាបន្ទាន់ ខណៈពេលដែលផ្លូវបង្ហួរទឹករបស់ទំបន់នោះ ទំនងជានឹងបាក់ស្រុត នៅពេលឆាប់ៗខាងមុខ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ការចេញបញ្ជាជម្លៀសខ្លួន យ៉ាងតក់ក្រហល់ខាងលើនេះ ត្រូវបានធ្វើឡើងដោយសារតែអាជ្ញាធរ នៅក្នុងតំបន់មានភាពជឿជាក់យ៉ាងប្រាកដថាផ្លូវបង្ហូរទឹកនៅលើទំនប់ Lake Oroville អាចនឹងរំលំ នៅពេលឆាប់ៗខាងមុខនេះ ហើយវានឹងបញ្ចេញទឹកដ៏ច្រើន ហូរហៀរទៅកាន់សហគមន៍នានា ដែលស្ថិតនៅតាមដងទន្លេ Feather ខណៈចំនួនប្រជាជន ដែលត្រូវភៀសខ្លួនចេញនោះ ពុំទាន់ត្រូវបានបញ្ជាក់ឲ្យជាក់ច្បាស់ឡើយ។

គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនី Oroville ដែលមានកម្ពស់ដល់ទៅ២៣០ម៉ែត្រ និងត្រូវបានសាងសង់ឡើង កាលពីចន្លោះឆ្នាំ១៩៦២ និងឆ្នាំ១៩៦៨ គឺជាទំនប់ខ្ពស់ជាងគេបង្អស់ នៅក្នុងសហរដ្ឋអាមេរិក វាកំពុងស្ថិតក្នុងសភាពស្ទើរតែជិតពេញ បន្ទាប់ពីមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា នៅអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

ដកស្រង់ពី៖ Fresh News