Social Network

CNRP រៀបចំបេក្ខជនបាន ៩៥% ស្មើនឹងជាង៣ម៉ឺននាក់ ដើម្បីដាក់ចូលរួមប្រកួត ប្រជែងក្រុមប្រឹក្សា ឃុំ-សង្កាត់

ភ្នំពេញ ៖ គណបក្ស សង្គ្រោះជាតិ (CNRP) បានរៀបចំបេក្ខជន របស់ខ្លួន បានប្រមាណ ៩៥ភាគរយ ស្មើនឹងជាង ៣០ ០០០នាក់ ដែលមានទាំង ពេញសិទ្ធិ និងបម្រុង ដាក់ជូនគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួម ប្រកួតប្រជែង ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។

  ថ្លែងក្នុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពី កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ គណបក្ស អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមាន ប្រសាសន៍ថា ក្រោយពេលគណបក្ស រៀបចំបេក្ខជនរួចហើយ នឹងបញ្ជូនឈ្មោះ ទាំងអស់ទៅគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣ ខែ មិនា ឆ្នាំ២០១៧ខាងមុខនេះ ។

  លោកបានបន្តថា “បន្ទាប់ពីដាក់បេក្ខជន នៅគណៈកម្មាធិការរៀបចំការបោះឆ្នោតហើយ យើងបណ្ដុះបណ្ដាល ភ្នាក់ងារ យើងបណ្ដុះបណ្ដាលក្រុមប្រឹក្សាឃុំរបស់យើង ដើម្បីឲ្យគាត់មានសមត្ថភាព ក្នុងការចូលរួមឃោសនា រកសម្លេងឆ្នោតផង ហើយពេលគាត់ជាប់ជាមេឃុំ ចៅសង្កាត់ហ្នឹង គាត់នឹងមានសមត្ថភាពដើម្បីដឹកនាំឃុំ-សង្កាត់ របស់គាត់ផង” ។

  លោក យឹម សុវណ្ណ បានបញ្ជាក់ថា ជាពិសេសគណបក្សសង្គ្រោះជាតិ នឹងបណ្ដុះបណ្ដាលភ្នាក់ងារ ឲ្យបានជាង ៤ម៉ឺនាក់ ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅពេលខាងមុខ ហើយនៅពេលនេះ គណបក្សរៀបចំពួកគាត់បានជាង ៩០ភាគរយហើយ ។

  យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ឃុំ-សង្កាត់ ដែលដាក់ ឲ្យបោះឆ្នោតនៅពេលខាងមុខមានចំនួន ១ ៦៤៦, ការិយាល័យបោះឆ្នោតមាន ២២ ១៤៨ ហើយប្រជាពលរដ្ឋ មានសិទ្ធិបោះឆ្នោតចំនួន ៧ ៨៦៥ ០៣៣ ស្មើនឹង ៨១,៣៨ភាគរយ (ស្ត្រី ៤ ២១០ ៩១៤នាក់) ៕

\

ដកស្រង់ពី៖ដើមអម្ពិល