Social Network

សូម្បីកាណាដា ក៏ប្រឆាំងនឹងអាមេរិកដែរ! រដ្ឋមន្ត្រីការបរទេសអះអាងថា «នឹងជំទាស់ដាច់ខាត» ចំពោះការបង្ខំឲ្យបង់ពន្ធតាមច្រកព្រំដែន!

(វ៉ាស៊ីនតោន)៖ ប្រទេសកាណាដា ជំទាស់គំនិតរបស់សហរដ្ឋអាមេរិក ដែលចង់បង្ខំឲ្យមានការបង់ពន្ធ នាំចូលតាមច្រកព្រំដែន ហើយនឹងចាត់វិធានការឆ្លើយតប ទៅវិញជាក់ជាមិនខាន ចំពោះទង្វើបែបនេះ ដែលនេះគឺជាការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland នៅថ្ងៃពុធសប្តាហ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅក្រោយជំនួបលើកដំបូង របស់លោកស្រី ជាមួយនិងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក រិច ធីល្លឺសុន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។ កិច្ចជំនួបពិភាក្សាខាងលើរវាង រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ បានលើកឡើងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃតំបន់អាមេរិកខាងជើង (NAFTA) ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ធ្វើការចរចាឡើងវិញនោះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលបន្តិចក្រោយមក លោកស្រី Chrystia Freeland បានឲ្យដឹងថា រូបលោកស្រី បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងជំនួបពិភាក្សាជាមួយលោក Rex Tillerson ថាភាគីកាណាដា នឹងជំទាស់ដាច់ខាតចំពោះ គំនិតនៃការបង្ខំឲ្យមានការបង់ពន្ធនាំចូលតាមច្រកព្រំដែន ទៅលើទំនិញរបស់ប្រទេសកាណា នៅក្នុងកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀង NAFTA ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខនេះ។

លោកស្រី Freeland បានគូសបញ្ជាក់ថា «បើសិនជាគំនិតបែបនេះ អាចនឹងលេចឡើងជារូបរាង ពិតមែននោះ ប្រទេសកាណាដា ច្បាស់ជានឹងរិះរក ចំណាត់ការ ដើម្បីធ្វើការឆ្លើយតបទៅវិញ យ៉ាងសាកសម» ប៉ុន្តែលោកស្រី លើកឡើងថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា មិនទាន់បានដឹងថា តើអ្វីនឹងជាគោលជំហរ បើកទូលាយរបស់សហរដ្ឋអាមេរិកឡើយ។

ជាមួយគ្នានេះ លោក Luis Videgaray រដ្ឋមន្រ្តីការបរទេស នៃប្រទេសម៉ិចស៊ីកូ ដែលជាប្រទេសហត្ថលេខីមួយផងដែរនោះ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃតំបន់អាមេរិកខាងជើង ក៏បានពិភាក្សាជាមួយលោក Rex Tillerson នៅក្នុងជំនួបដាច់ដោយឡែកមួយ ផ្សេងទៀតផងដែរ។

កាណាដានិងម៉ិចស៊ិកូ តាំងពីដើមរៀងមក បានធ្វើការបញ្ជូនផលិតផល នាំចេញរបស់ពួកគេ យ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរនេះ អាចប្រឈមនឹងការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្លាស់ប្តូរដ៏សំខាន់ណាមួយ នៅក្នុងកិច្ចព្រមព្រៀង NAFTA ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅថាជា «គ្រោះមហន្តរាយ» ដ៏ធំមួយនោះ។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានអះអាងថា NAFTA ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៤ បានបង្កផលប៉ះពាល់ខ្លាំង ដល់ប្រជាជនអាមេរិក។ ដោយឡែកកិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងសំដៅលើកលែង ការបង់ពន្ធលើទំនិញនាំចូល តាមច្រកព្រំដែន រវាងប្រទេសកាណាដា ម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក៕

 

ដកស្រង់ពី៖ Fresh News