Social Network

កូរ៉េខាងជើងពិបាកទប់អារម្មណ៍ពេល «អាមេរិក ជប៉ុន និងកូរ៉េ​ខាងត្បូង» ធ្វើសមយុទ្ធ​ស្ទាក់ចាប់​មីស៊ីល!

(សេអូល)៖ កូរ៉េខាងជើង បានចោទប្រកាន់ថា ការធ្វើសមយុទ្ធ ស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោង របស់សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង គឺមានចេតនា ត្រៀមទុកវាយប្រហារមកលើរបបដឹកនាំ ទីក្រុងព្យុងយ៉ាង ហើយថាខ្លួននឹងចាត់វិធានការ ឆ្លើយតបចំពោះសកម្មភាព គំរាមកំហែងមួយនេះ។

នេះបើតាមសារព័ត៌មាន រដ្ឋកូរ៉េខាងជើង Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ប្រតិកម្មរបស់ Rodong Sinmun ធ្វើឡើងបន្ទាប់ពី សម្ព័ន្ធមិត្ត ក្នុងតំបន់ទំាងបី បានដឹកនាំ ការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេលបីថ្ងៃ កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ ក្នុងគោលបំណង តាមដានការបាញ់សាកល្បងមីស៊ីល ពីសំណាក់កូរ៉េខាងជើង។

Rodong Sinmun បានបញ្ជាក់ដូច្នេះថា «វាជាការមិនអាចប្រកែកបាន! ការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក ជប៉ុន និង រដ្ឋាភិបាលអាយ៉ងកូរ៉េខាងត្បូង គឺជាមានចេតនា ត្រៀមទុកវាយប្រហារ មកលើប្រទេសរបស់យើង។ ជាងនេះទៅទៀត ការធ្វើសមយុទ្ធយោធា បាញ់មីស៊ីលរបស់ពួកគេ ជាកំហុសយោធាមួយ ដ៏គ្រោះថ្នាក់ ដែលអាចនឹងបង្កឱ្យមានជម្លោះ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថាបើតាម Rodong Sinmun របបដឹកនាំទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការ ឆ្លើយតបជាបន្តបន្ទាប់ ដើម្បីការពារសន្តិភាព នៅក្នុងតំបន់ និង ស្វ័យភាព ព្រមទំាងភាពថ្លៃថ្នូររបស់កូរ៉េខាងជើង បើសិនជាសហរដ្ឋអាមេរិក មិនព្រមបញ្ឈប់ការធ្វើ សមយុទ្ធយោធារបៀបនេះទេនោះ៕

ដកស្រង់ពី៖ Fresh News