Social Network

អ៊ីរ៉ង់ព្រមានបណ្ដាប្រទេសលើពិភពលោក កុំលូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​​របស់ខ្លួន!

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លំាង លើរដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការ អាត្ថាធិប្បាយជុំវិញកម្មវិធីមីស៊ីល និង ថែមទាំងបានព្រមានដល់ បណ្ដារដ្ឋ ឬប្រទេសដទៃ កុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួនទៀតផង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០១៧។ កាលពីថ្ងៃសុក្រកន្លងទៅទីប្រឹក្សា សន្តិសុខជាតិ លោក Michael Flynn និង ប្រធានសភាអាមេរិក លោក Paul Ryan បានថ្កោលទោស ក៏ដូចជាចោទប្រកាន់អ៊ីរ៉ង់ថា បានគំាទ្រដល់ក្រុមភេរវករ។

ឆ្លើយតបទៅនឹង ការចោទប្រកាន់នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi នៅចំពោះមុខអ្នកសារព័ត៌មាន បានលើកឡើងថា «អ៊ីរ៉ង់បានត្រៀមខ្លួនរួចជានិច្ច ដើម្បីការពារកម្មវិធីមីស៊ីល ជាមួយនឹងការប្រើប្រាស់ កម្លំាងគ្រប់មធ្យោបាយទាំងអស់ ប្រឈមមុខនឹងគោលនយោបាយ អន្តរាគមន៍និយម ពីសំណាក់បណ្ដារដ្ឋដទៃទៀត...រឿងផលប្រយោជន៍របស់អ៊ីរ៉ង់ គឺយើងជាអ្នកសម្រេចចិត្ត ដោយខ្លួនឯង មិនចាំបាច់ទៅប្រឹក្សា ឬសួរយោបល់ពីនរណាម្នាក់នោះទេ»។

គួរបញ្ជាក់ថា ភាពតានតឹងនិងសង្រ្គាមពាក្យសម្ដី រវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានចាប់កក្រើកឡើងវិញ ក្រោយពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញបញ្ជាប្រធានាធិបតី ហាមឃាត់ប្រជាជនអ៊ីរ៉ង់ និង ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន ០៦ ផ្សេងទៀតមិនឱ្យចូល សហរដ្ឋអាមេរិក ព្រមទាំងការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៩ ខែមករា។

បន្ថែមពីលើនេះ ប្រទេសទំាងពីរ រឹតតែមើលមុខគ្នាលែងចំ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថា អ៊ីរ៉ង់ជារដ្ឋគំាទ្រក្រុមភេរវករ នៅអំឡុងដំណើរទស្សនកិច្ច ក្នុងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍កន្លងទៅ៕

ដកស្រង់ពី៖ Fresh News