Social Network

ប្រេស៊ីលបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់ភាគអាគ្នេយ៍ប្រទេស ដើម្បីទប់ទល់ភាពចលាចល!

(រីយ៉ូ)៖ រដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនកងកម្លាំងចំនួន ១,២០០នាក់ ទៅកាន់រដ្ឋមួយ នៅតំបន់ឆ្នេរ ភាគខាងត្បូងឈៀងខាងកើតប្រទេស ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីមានការខ្វះខាតកម្លាំង ដោយសារតែការធ្វើបាតុកម្ម របស់ក្រុមគ្រួសារនៃមន្រ្តីប៉ូលិស និងយោធានៅទីនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ កម្លាំងសរុបរួមមាន កងកម្លាំងទ័ពចំនួន១,០០០នាក់ និង សមាជិកកងការពារជាតិចំនួន ២០០នាក់ នឹងត្រូវធ្វើការយាមល្បាត តាមដងផ្លូវនៅក្នុងរដ្ឋ Espirito Santo ភាគអាគ្នេយ៍នៃប្រទេស បន្ទាប់ពីក្រុមគ្រួសារ របស់មន្រ្តីប៉ូលិស-យោធាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចាប់ផ្តើមរួមគ្នា ធ្វើបាតុកម្មប្រឆាំងនឹងការ ទទួលបានប្រាក់បៀវត្សរ៍ដ៏ទាប សម្រាប់មន្រ្តីទាំងអស់នោះ។

ពួកគេបានបិទច្រកចេញ-ចូលនៃទីស្នាក់ការប៉ូលិស ហើយនិងរារាំង មិនឲ្យមន្រ្តីប៉ូលិសចាកចេញឡើយ។ ដោយសារតែអវត្តមាន នៃកម្លាំងប៉ូលិសយោធា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាសន្តិសុខសាធារណៈ អំពើហិង្សាបានផ្ទុះឡើង នៅក្នុងកម្រិតដ៏ខ្លាំងក្លា ដោយនៅអំឡុងចុងសប្តាហ៍មុននេះ មនុស្សដល់ទៅ៦២នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Vitoria និង តំបន់ប្រជុំជនមួយចំនួនទៀត នៃរដ្ឋ Espirito Santo។

គួរបញ្ជាក់ថា នៅក្នុងប្រទេសប្រេស៊ីល កងកម្លាំងប៉ូលិស ស្ថិតក្រោមរដ្ឋបាលគ្រប់គ្រង របស់រដ្ឋនីមួយៗ ដោយមន្រ្តីប៉ូលិសស៊ីវិល ទទួលបន្ទុកធ្វើការ សួរចម្លើយនិងការស៊ើបអង្កេតផ្សេងៗ ខណៈមន្រ្តីប៉ូលិស និងយោធារួមមាន តួនាទីរក្សាសន្តិសុខ៕

ដកស្រង់ពី៖ Fresh News