Social Network

ពិធីករទូរទស្សន៍អាមេរិក Fox News ហៅប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា «ឃាតកៗ» និងបដិសេធការសូមទោស រហូតដល់ឆ្នាំ២០២៣!

(វ៉ាស៊ីនតោន)៖ ពិធីករព័ត៌មាន នៃសា្ថនីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) មិនបានសម្ដែងការសោកស្ដាយ ឬក៏សូមទោស តាមការចង់បានរបស់ រដ្ឋាភិបាលទីក្រុងមូស្គូនោះទេ សម្រាប់ការហៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឃាតកនៅអំឡុងបទសម្ភាសន៍ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។

ប៉ុន្តែព្រមពេលជាមួយគ្នា លោក អូរ៉ៃលី បានអះអាងថា លោកអាចនឹងគិតគូឡើងវិញ នៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកម្មវិធីរបស់ខ្លួន កាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) លោក បៀល អូរៃលី មិនបានសូមទោសលោក ពូទីន នោះទេដោយគ្រាន់តែលោក បាននិយាយថា «ជាការពិតណាស់! រដ្ឋបាលលោក ពូទីន ក្នុងទីក្រុងមូស្គូ បានស្នើឱ្យខ្ញុំសូមទោស... ហើយខ្ញុំក៏កំពុងគិត ពីរឿងសូមទោសនេះដែរ។ ក៏ប៉ុន្តែ វាអាចនឹងត្រូវចំណាយ ពេលវេលាបន្តិចបន្តួច ពោលគឺចាំដល់ឆ្នាំ២០២៣ ខ្ញុំអាចនឹងពិចារណា ឡើងវិញម្ដងទៀត»។

គួររំលឹកថាកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ដូណាល់ ត្រាំ លោក បៀល អូរៃលី (Bill O’Reilly) បានលើកឡើងថា លោកពូទីន បានសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ ក្នុងនោះរួមមានទាំង អ្នកសារព័ត៌មាន និង ក្រុមអ្នកប្រឆាំងនឹងរូបលោក។ «គាត់គឺជាឃាតក! ពូទីនគឺជាឃាតក!»។ នេះជាសម្ដីរបស់លោក បៀល អូរៃលី។ សារព័ត៌មានមិនបានបញ្ជាក់ថា តើហេតុអ្វីបានជាត្រូវចាំដល់ឆ្នាំ២០២៣ ទើបលោក អូរៃលី ព្រមគិតរឿងសូមទោសលោក ពូទីន នោះទេ៕

ដកស្រង់ពី៖ Fresh News