Social Network

លោក បាន គីមូន កំពុងធ្លាក់ប្រជាប្រិយភាព​ដោយសារការបង្ហាញ​អត្តចរិតប្លែកៗ និងរឿងអាស្រូវស៊ីសំណូក!

(សេអ៊ូល)៖ ការវិលត្រឡប់មកកាន់ កូរ៉េខាងត្បូង ដែលបាននិងកំពុងប្រឈមមុខ វិបត្តិនយោបាយ យ៉ាងធ្ងន់ធ្ងរនោះ មានសញ្ញាពុំសូវជាល្អប៉ុន្មាននោះឡើយ សម្រាប់អតីត ប្រមុខដឹកនាំកំពូល នៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលធ្លាប់ត្រូវបានគេស្ទាបស្ទង់ថា ទំនងជានឹងអាចក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូងថ្មី បន្ទាប់ពីការលេចលឺថា លោកមានជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវពុករលួយ របស់ក្រុមគ្រួសារសាច់ញាតិ និង មានការចោទសួរដ៏ជជីក ជាច្រើនពីសំណាក់ អ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តខុសឆ្គងប្លែកៗរបស់លោក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានស្នើឲ្យកូរ៉េខាងត្បូង ធ្វើការចាប់ខ្លួន បងប្អូនប្រុសបង្កើត របស់លោក បាន គីមូន គឺលោក បាន គីសាង (Ban Ki-Sang) ក្រោមបទចោទប្រកាន់ថា លោកបានជាប់ទាក់ទងនឹងគំរោង ស៊ីសំណូកសូកប៉ាន់មួយ ដើម្បីលក់អគារមួយកន្លែង នៅវៀតណាម។ ជុំវិញករណីនេះលោក បាន គីមូន បានចេញមុខ សូមអភ័យទោស ចំពោះការដែលសមាជិក គ្រួសាររបស់លោក បានធ្វើឲ្យមានការព្រួយបារម្ភ ពីមជ្ឈដ្ឋានទូទៅ ដោយបាននិយាយថា «ខ្ញុំពុំបានដឹងអំពី ករណីស៊ីសំណូក សូកប៉ាន់នេះឡើយ»។

ដោយឡែកការប្រព្រឹត្តបែ្លកៗ របស់អតីតអគ្គលេខាធិការ យូអិនរូបនេះវិញ រួមមានដូចជា នៅពេលដែលបានធ្វើដំណើរមកដល់ រដ្ឋធានីសេអ៊ូលភ្លាមៗកាលពីថ្ងៃទី១២ ខែ មករា កន្លងទៅនេះ លោក បាន គីមូន បានសម្រេចចិត្ត ជិះរថភ្លើងដឹកអ្នកដំណើរ ជំនួសឲ្យរថយន្តលីម៉ូ ប៉ុន្តែលោក មិនដឹងពីរបៀប នៃការទិញសំបុត្រឡើយ ដោយលោកបានព្យាយាម បញ្ចូលក្រដាសប្រាក់ ១០,០០០វ៉ុន ចំនួនពីរសន្លឹក ទៅក្នុងម៉ាស៊ីន ស្របពេលតែមួយ ដើម្បីទិញសំបុត្រ ដែលមានតម្លៃ៧,៥០០វ៉ុន។

ពីរថ្ងៃក្រោយមកលោក បាន គីមូន បានទៅសួរសុខទុក្ខ មជ្ឈមណ្ឌលថែទាំជនចាស់ជរា មួយកន្លែង និង បានបញ្ចុកកបបរស្រ្តីវ័យចំណាស់ម្នាក់ នៅទីនោះ ប៉ុន្តែរូបលោក ត្រូវបានគេរិះគន់ ដោយសារតែខ្លួន ជាអ្នកបញ្ចុក បែរជាពាក់ក្រណាត់ទ្រាប់ ប៉ុន្តែស្រ្តីវ័យចំណាស់ម្នាក់នោះ ពុំបានពាក់ទៅវិញ និងដោយសារតែ ការបញ្ចុកអាហារដល់មនុស្ស ដែលដេកស្តូកស្តឹងលើផ្ទៃរាបស្មើ។ក្រៅពីនេះទៀត លោក បាន គីមូន ក៏បានគ្រងឈុតការពារខ្លួន តាំងពីចុងសក់ដល់ចុងជើង ដើម្បីធ្វើការសាកល្បង បាញ់ថ្នាំសម្លាប់មេរោគ នៅពេលដែលមនុស្សគ្រប់គ្នា ដែលនៅជុំវិញលោក ស្លៀកសម្លៀកបំពាក់ធម្មតា។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិ ដែលត្រូវបានចេញ នៅថ្ងៃចន្ទម្សិលមិញនេះ សំឡេងគាំទ្រ របស់លោក បាន គីមូន បានធ្លាក់ចុះពី២២.២ភាគរយកាលពីសប្តាហ៍មុន មកនៅត្រឹម១៩.៨ភាគរយ ដោយប្រៀបនឹងសំឡេងគាំទ្រ ២៩.១ភាគរយ របស់លោក មូន ជែអ៊ីន (Moon Jae-In) ដែលជាអតីតប្រធានគណបក្សប្រឆាំង នៅកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News