Social Network

រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការ​ចាកចេញ​ពីសហ​ភាពអឺរ៉ុប «Brexit» បានទេ បើសភាមិនបោះឆ្នោតគាំទ្រ !

(ឡុងដ៍)៖ ទីបំផុត បញ្ហាដ៏ធំមួយ បានលេចឡើងហើយ គឺសភាជាតិ របស់អង់គ្លេស ដែលហាក់មានភាពស្រពិចស្រពិលថា នឹងអាចបោះឆ្នោតគាំទ្រទៅដល់ រដ្ឋាភិបាល ឲ្យដំណើរការនីតិវិធី ក្នុងការចាកចេញ ពីសហភាពអឺរ៉ុប «Brexit» ជាហេតុដែលអាច ធ្វើឲ្យគំរោងការណ៍ របស់លោកស្រី ធារ៉េសា ម៉ាយ (Theresa May) ក្នុងការរៀបចំ កិច្ចពិភាក្សាជាមួយ សហភាពអឺរ៉ុបជាផ្លូវការ នៅចុងខែមីនា ត្រូវជាប់គាំង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។ ទោះបីជាបែបនេះក្តី រដ្ឋាភិបាលអង់គ្លេស បានអះអាងថា ខ្លួនមានអំណាចគ្រប់គ្រាន់ ក្នុងការអនុវត្តន៍មាត្រា ៥០ នៅក្នុងសន្និសញ្ញាទីក្រុងលីសបោន ដែលអាចធ្វើការពិភាក្សា រឿងដំណើរការរៀបចំចាកចេញពី សហភាពអឺរ៉ុប ដោយមិនចាំបាច់ មានការអនុម័ត ពីសមាជិកសភានោះឡើយ នៅចុងខែមីនា។

ប៉ុន្តែជុំវិញបញ្ហានេះ ប្រធានតុលាការកំពូល លោក Lord Neuberger បាននិយាយថា «តាមរយៈការសម្រេច ដោយសំឡេង ៨ លើ ៣ តុលាការកំពូលនៅ ថ្ងៃនេះសម្រេចថា រដ្ឋាភិបាល មិនអាចអនុវត្តន៍មាត្រា ៥០ ដោយគ្មានការយល់ព្រមពី សភានោះឡើយ»។

បន្ថែមពីខាងលើនេះទៀត តុលាការក៏បាន ផ្តល់យោបល់ឲ្យសភា ស្កុតឡេន វែលស៍ និងអៀរឡង់ខាងជើង ធ្វើការបោះឆ្នោត ទៅលើមាត្រា ៥០ ឲ្យបានមុនពេលដែល វាត្រូវបានរដ្ឋាភិបាល យកទៅអនុវត្តន៍។ លោក Lord នៅបានបញ្ជាក់ទៀតថា «ទំនាក់ទំនងជាមួយ សហភាពអឺរ៉ុប គឺជារឿងសំខាន់ដែលអង់គ្លេស ត្រូវគិតគូរឲ្យបានខ្លាំងមែនទែន»៕

ដកស្រង់ពី៖Fresh News