Social Network

សហរដ្ឋអាមេរិក និងអង្គការ NATO ដាក់ពង្រាយ​កម្លាំង និងបរិក្ខាយោធា​បន្ថែមនៅជិត​ព្រំដែនរុស្ស៊ី មិនមែនសំដៅ​ការពារព្រំដែន​អឺរ៉ុបឡើយ!

(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និង អង្គការណាតូ (NATO) បានដាក់ពង្រាយបន្ថែម នូវពលទាហាន រួមជាមួយនិងបរិក្ខាយោធា ជាច្រើនផ្សេងទៀត ទៅកាន់បណ្តាប្រទេស នៅតំបន់អឺរ៉ុបភាគកណ្តាល និង ខាងកើតក៏ដូចជា ប្រទេសនៅតំបន់បាល់ទិច (Baltic) ដោយលើកយកបញ្ហា សន្តិសុខធ្វើជាហេតុផល ប៉ុន្តែការបង្កើនកម្លាំងយោធា ទ្រង់ទ្រាយធំបែបនេះ មិនធ្លាប់មាន នៅតាមតំបន់ទាំងនោះឡើយ គឺមិនមែនសំដៅ ការពារព្រំដែនសហភាពអឺរ៉ុបនោះឡើយ។

នេះបើតាមសម្តី របស់អ្នកជំនាញមួយរូប ដែលបានដកស្រង់ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។ លោកសាស្រ្តាចារ្យ Janusz Niedzwiedzki នាយកសាកលវិទ្យាល័យ បច្ចេកវិទ្យា Warsaw បានប្រាប់សារព័ត៌មាន Sputnik យ៉ាងដូច្នេះថា «សូមមានភាពស្មោះត្រង់! វាមិនមែនអំពីការ ការពារព្រំប្រទល់ភាគខាងកើត របស់សហភាពអឺរ៉ុប ឬមួយក៏អង្គការ NATO នោះឡើយ ទោះបីជា អ្នកហៅវាជាអ្វីក៏ដោយ... ធាតុពិតនេះ គឺជាការដាក់ពង្រាយ ថ្មីមួយបន្ថែមទៀត នូវកងទ័ព និង បរិក្ខាយោធា ទៅជិតព្រំដែនប្រទេសរុស្ស៉ី»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កងទ័ពអាមេរិកប្រហែល ៤,០០០នាក់រួមជាមួយ រថពាសដែករាប់រយគ្រឿង និង រថក្រោះជាង ៨០គ្រឿងទៀត ត្រូវបានបញ្ជូន ទៅដល់ប្រទេសអាល្លឺម៉ង់ ហើយដឹកជញ្ជូន ទៅកាន់ប៉ូឡូញ ដើម្បីដាក់ពង្រាយបន្ត នៅតាមតំបន់អឺរ៉ុបខាងកើត ក្នុងនាមជាផ្នែកនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើង ដើម្បីសំដៅធានា ប្រាប់សម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន នៅអឺរ៉ុបថា សហរដ្ឋអាមេរិកមានការប្តេជ្ញា យ៉ាងមុះមុតដើម្បីការពារពួកគេ ពីទីក្រុងម៉ូស្គូ ទោះបីជា រុស្ស៉ីបានបដិសេធដដែលៗថា ខ្លួនមិនបង្កការគំរាមកំហែងណាមួយ ដល់អ្នកជិតខាង ឬមួយក៏ ប្រជាជាតិណាមួយ នៅលើពិភពលោកនោះឡើយ។

រំលឹកកាលពីដើមសប្តាហ៍នេះ កងម៉ារីន របស់សហរដ្ឋអាមេរិក ប្រមាណ ៣០០នាក់បានធ្វើដំណើរ មកដល់ប្រទេសន័រវេស និង បន្តរក្សាវត្តមាននៅទីនោះ ក្នុងរយៈពេលរហូតដល់ ០៦ខែ ខណៈដែលការចល័តបែបនេះ គឺជាលើកទីមួយហើយ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ដែលកងកម្លាំងយោធាបរទេស ត្រូវបានអនុញ្ញាតឲ្យឈរជើង នៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការ រុកគួនប្រទេសរុស្ស៊ី ដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កងម៉ារីនខាងលើ ដែលធ្វើដំណើរមកពីមូលដ្ឋានទ័ព Camp Lejeune ក្នុងរដ្ឋ North Carolina បានមកដល់ អាកាសយានដ្ឋាន Vaernes ដែលគ្របដណ្តប់ទៅដោយ ព្រិលទឹកកក នៅក្បែរទីក្រុងដ៏ធំទីបី Trondheim របស់ប្រទេសន័រវេស ដែលជាកន្លែង មានសីតុណ្ហភាពដ៏ត្រជាក់បំផុត។ កងកម្លាំងរបស់សហរដ្ឋអាមេរិកនឹងបន្ត ស្ថិតនៅប្រទេសន័រវេស សម្រាប់រយៈពេលមួយឆ្នាំ ជាមួយនឹងក្រុមម៉ារីនថ្មី ដែលនឹងមកជំនួសកងម៉ារីនប្រហែល៣០០នាក់នេះ ដែលត្រូវត្រឡប់ទៅ មាតុភូមិវិញនៅ ០៦ខែក្រោយ ហើយពួកគេនឹងស្នាក់នៅមូលដ្ឋានយោធា Vaernes ស្ថិតនៅចម្ងាយប្រមាណ១,៥០០គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសរុស្ស៊ី ដើម្បីសិក្សាអំពីយុទ្ធសាស្រ្ត ធ្វើសង្រ្គាមនារដូវត្រជាក់។

អ្នកនាំពាក្យយោធាន័រវេស បានបញ្ជាក់ថា ប្រតិបត្តិការខាងលើ និង ការព្រួយបារម្ភរបស់អង្គការ NATO ចំពោះប្រទេសរុស្ស៊ី គឺមិនពាក់ព័ន្ធគ្នាឡើយ ក៏ប៉ុន្តែ ការបញ្ចូនកងម៉ារីនប្រមាណ ៣០០នាក់នេះ ត្រូវបានធ្វើឡើងស្របពេលដែល សហរដ្ឋអាមេរិក បញ្ចូនទ័ពជាច្រើនពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីបង្កើនសាច់ដុំ បណ្តាសម្ព័ន្ធមិត្តរបស់ ខ្លួននៅអឺរ៉ុបខាងកើត ដែលកំពុងព្រួយបារម្ភ អំពីសកម្មភាពរបស់ទីក្រុងម៉ូស្គូ៕


ដកស្រង់ពី៖ Fresh News