Social Network

ប្រទេសថៃខាតបង់ជិត «៨០០លានដុល្លារ» ដោយសារទឹកជំនន់ដើមឆ្នាំមិនធ្លាប់មាន ខណៈមហន្តរាយនេះ​មិនទាន់បញ្ចប់ និង «ប្រជាជន ៤១នាក់ស្លាប់»

(បាងកក)៖ ទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានវាយលុកបណ្តាខេត្ត ភាគខាងត្បូងប្រទេសថៃ នៅអំឡុងដើមឆ្នាំ២០១៧នេះ មិនត្រឹមតែ បានផ្តាច់ជីវិតប្រជាជន ៤១នាក់ប៉ុណ្ណោះទេ វានៅបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ និង ឯកជនជាច្រើន សរុបជាទឹកប្រាក់ជាង ៧៧៣លានដុល្លារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរឧតុនិយម បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគខាងត្បូង នឹងកើតមានបន្ថែមទៀត ពីថ្ងៃទី១៨-២២ ខែមករា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូ បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក ចាត់វិធានការទប់ទល់នឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាង ដែលអាចនឹងកើត ឡើងនៅខេត្តភាគខាងត្បូងប្រទេស ព្រមទាំងផ្ដល់ព័ត៌មាន ដល់ប្រជាជននៅក្នុងតំបន់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជា តាមដានជានិច្ច រាល់ព័ត៌មានវិវត្តន៍ និង សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ស្ដីពីការព្យាករណ៍អាកាសធាតុ។

គួរបញ្ជាក់ថា នៅក្នុងខេត្ត Surat Thani ក្រុមអាជ្ញាធរថៃ បានចុះធ្វើអធិការកិច្ចនៅ កសិដ្ឋានចិញ្ចឹមសត្វក្រពើជាង ៤២កន្លែង នៅក្នុងស្រុកចំនួន៧ ដោយខ្លាចក្រែង សត្វក្រពើច្រើនជាង ៤,០០០ ក្បាល អាចនឹងរួចពីចេញពីកសិដ្ឋានទាំងនេះ នៅក្នុងករណីមានទឹកជំនន់៕

ដកស្រង់ពី៖ Fresh News