Social Network

អវកាសយានិក Eugene Cernan ចុងក្រោយដែល​ធ្លាប់ឈរ​នៅឋាន​ព្រះច័ន្ទ ទទួលមរណភាព​​ហើយ ​នៅអាយុ ៨២ឆ្នាំ!

អាមេរិក៖ អវកាសយានិក នៃបេសកកម្មអាប៉ូឡូ (Apollo) លោក Eugene A. Cernan ជាបុរសចុងក្រោយគេបំផុត ដែលបានឈានជើង ជាន់លើទីឋានព្រះច័ន្ទ បានទទួលមរណភាពហើយ ក្នុងអាយុ ៨២ឆ្នាំ នៅថ្ងៃចន្ទ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាសណាសា (NASA) បានសរសេរសាររំលែកទុក្ខ នៅក្នុង បណ្តាញទំនាក់ទំនងសង្គម Twitter ថា «ពួកយើងមានទុក្ខជាខ្លាំង ដោយសារការបាត់បង់ អវកាសយានិក ណាសាមួយរូបគឺ លោក Egene Cerna ដែលបានចូលនិវត្តន៍ និង ជាវីរៈបុរសចុងក្រោយគេបង្អស់ ដែលបានដើរនៅលើផ្ទៃនៃព្រះច័ន្ទ» ក្រោយពេលដែលក្រុមគ្រួសាររបស់អវយានិក នៃបេសកកម្ម Apollo រូបនេះ បានប្រកាសថា រូបលោកបានទទួលមរណភាព នៅថ្ងៃចន្ទ បន្ទាប់ពីមានជំងឺ ឈឺថ្កាត់ជាប់រហូតមក។

យោងតាមក្រុមគ្រួសារ របស់លោក Cernan អវកាសយានិកជើងចាស់រូបនេះ បាននិយាយជាចុងក្រោយថា «កាលពីមុនខ្ញុំគ្រាន់តែជាក្មេងម្នាក់ ធំដឹងក្តីឡើងនៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីសុបិន្តមួយប៉ុណ្ណោះ។ ថ្ងៃនេះអ្វីដែលសំខាន់ ជាងគេបំផុតសម្រាប់ខ្ញុំ គឺបំណងប្រាថ្នារបស់ខ្ញុំក្នុងការជំរុញ និង លើកទឹកចិត្តមនុស្សជំនាន់ក្រោយ ឲ្យសម្រេចបានក្តីស្រមៃ ដែលស្ទើរតែមិនអាចទៅរួច របស់ពួកគេរៀងៗខ្លួនឲ្យក្លាយជាការពិត»។

គួរបញ្ជាក់ថាលោក Cernan កើតនៅទីក្រុង Chicago រដ្ឋ Illinios សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៣៤ លោក Eugene Cernan ដែលត្រូវបានគេ ហៅជាទូទៅថា «Gene» គឺមេបញ្ជាការយានអវកាស នៃបេសកកម្ម Apollo 17 ជាបេសកកម្ម បញ្ជូនមនុស្សលើកចុងក្រោយ ទៅកាន់ព្រះច័ន្ទដែល បានធ្វើឡើងដោយ សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៧២ ហើយនៅពេលដែលលោក Cernan ឈានជើងចេញពីយានអវកាស «Challenger» រូបលោកគឺជាបុគ្គលទី១១ ដែលបានដើរនៅលើព្រះច័ន្ទ និងជាបុរសចុងក្រោយគេ នៅលើឋានមួយនេះ នៅពេលលោកក្លាយជាអវកាសយានិក ក្រោយគេ ដែលបានវិលត្រឡប់ ចូលក្នុងយានអវកាសវិញ៕

 

ដកស្រង់ពី៖ Fresh News