Social Network

យន្តហោះ MH370៖ ខំប្រឹងរុករកបីឆ្នាំ​ហើយ អត់ដឹងយន្តហោះ​នៅទីណាឲ្យប្រាកដ ហើយក្រុម​​រុករក៣ប្រទេស ក៏​សម្រេច​ចិត្ត​បញ្ឈប់!

(ស៊ីដនី)៖ បីឆ្នាំកន្លងផុតទៅហើយ ដែលយន្ដហោះ MH370 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយមិនតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ន យន្ដហោះមួយនេះ នៅតែមិនទាន់ ត្រូវបានរកឃើញ ដោយឡែក មូលហេតុនៃការបាត់ខ្លួន ក៏ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យបានច្បាស់នោះដែរ ខណៈក្រុមអ្នកស្វែងរកមកពីប្រទេសចិន អូស្ត្រាលី និងម៉ាឡេស៊ី បានប្រកាសនៅថ្ងៃអង្គារនេះ ពីការផ្អាកប្រតិបត្តិការ ស្វែងរកនៅក្រោមបាតសមុទ្រ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់ក្រុមអ្នកស្វែងរក ចិន អូស្ត្រាលី និង ម៉ាឡេស៊ី យន្ដហោះ MH370 មិនត្រូវបានរកឃើញ នៅក្នុងបរិវេណ ១២០,០០០គីឡូម៉ែត្រ ក្រឡានោះទេ នៃតំបន់ស្វែងរក នៅឯភាគខាងត្បូង មហាសមុទ្រឥណ្ឌា។

ម្យ៉ាងវិញទៀត រហូតមកទល់ថ្ងៃនេះ ក៏គ្មានព័ត៌មានថ្មីណាមួយ បញ្ជាក់ពីទីតាំងធ្លាក់ជាក់លាក់នោះដែរ ដូច្នេះទើបក្រុមអ្នកស្វែងរក សម្រេចចិត្ត ផ្អាកប្រតិបតិ្តការ តាមរក MH370 នៅក្រោមបាតសមុទ្រ។

ជុំវិញការផ្អាកនេះដែរ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានសម្ដែងការមិនពេញចិត្តជាខ្លាំង និង បានស្នើឱ្យអាជ្ញា នៃប្រទេសទាំងបី ចាប់ផ្ដើម ប្រតិបត្តិការ របស់ពួកគេឡើងវិញ។គួររំលឹកថា យន្ដហោះដឹកអ្នកដំណើរ MH370 និង ក្រុមបុគ្គលិកយន្ដហោះសរុប ២៣៩នាក់បានបាត់ខ្លួន ដោយអាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅ ហោះហើរពីទីក្រុង គូឡាឡាំពួរ ឆ្ពោះទៅកាន់ ទីក្រុងប៉េកាំង៕

ដកស្រងពី៖ Fresh News