Social Network

ដូ​ណា​ល់ ត្រាំ បន្ទោស មឺ​ហ្កែ​ល រឿង​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​

ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន អង់គ្លេស The Times of London និង សារព័ត៌មានអាល្លឺម៉ង់ Bild ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោកស្រី អែនជេឡា មឺហ្កែល បង្កើតកំហុសឆ្គងមួយដ៏គ្រោះថ្នាក់ រហូតបង្កឲ្យមានផលប៉ះពាល់ច្រើនដល់អឺរ៉ុប។

លោក ដូណាល់ ត្រាំ ដែលនៅសល់ប៉ុន្មានថ្ងៃទៀត មុនឡើងកាន់តំណែង បានបន្ទោសលោកស្រី អធិការបតីអាល្លឺម៉ង់ ដែលហ៊ានបើកទ្វារព្រំដែន ទទួលយកជនភៀសខ្លួនកន្លងមក រហូតបង្កឲ្យមានជាវិបត្តិ បញ្ហាអសន្តិសុខ និង ជំរុញឲ្យប្រជាជនអង់គ្លេស បោះឆ្នោតចាកចេញពី សហភាពអឺរ៉ុបផង។ លោកបានបញ្ជក់ដូច្នេះថា៖« ខ្ញុំគិតថា លោកស្រី បង្កើតកំហុសឆ្គងដ៏គ្រោះថ្នាក់បំផុតមួយ ហើយវាជាការទទួលយក រាល់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ និង ទទួលយកមនុស្សពីគ្រប់ទីកន្លែងទាំងអស់ ឲ្យចូលក្នុងប្រទេស»។

ថ្វីបើលោករិះគន់ និង បន្ទោសលោកស្រី អែនជេឡា មឺហ្កែលមិនសំចៃមាត់ក៏ដោយ ដូណាល់ ត្រាំ បានឆ្លៀត ប្រាប់អ្នកសារព័ត៌មានបន្ថែមថា លោកគោរពលោកស្រីអធិការបតីអាល្លឺម៉ង់ខ្លាំងដែរ។ ក្នុងឆ្នាំ ២០១៥ ជនអន្តោប្រវេសន៍ប្រហែល ៨៩០០០០នាក់ បានចាកចេញពីស៊ីរី ដើម្បីគេចជម្លោះ និងចូលមកប្រទេសអាល្លឺម៉ង់ ក្រោយពីលោកស្រី មឺហ្កែល សុខចិត្តបើកទ្វារព្រំដែន ទទួលយកជនអន្តោប្រវេសន៍ ក្រោយមានសម្ពាធខ្លាំងពី សហគមន៍អន្តរជាតិ និង រដ្ឋអឺរ៉ុបមួយចំនួន។

បន្ថែមលើការទិតៀន លោកស្រីអធិបការបតី លោក ដូណាល់ ត្រាំ បានព្យាយាមពន្យល់ ពីផលលំបាក ដែលអាល្លឺង់ប្រឈម ដោយសារការសម្រេចចិត្ត ទទួលយកជនភៀសខ្លួន ក្នុងនោះមានការវាយប្រហារថ្ងៃ ១៩ ធ្នូ នៅប៊ែកឡាំងដែលសម្លាប់មនុស្ស ១២នាក់នោះ។ តាមពិតទៅ ការទទួលយកជនភៀសខ្លួននេះ បានក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារវត្តមាន ជនភៀសខ្លួន ក្រៅពីដាក់បន្ទុក ផ្នែកសេដ្ឋកិច្ច និង សង្គម វាក៏បង្កឲ្យមានបញ្ហា សន្តិសុខផង។

ចលនាភេរកម្មអុកឡុក អាល្លឺម៉ង់ជាបន្តបន្ទាប់ ក្រោយវិបត្តិជនភៀសខ្លួនកើតឡើង ហើយគេនាំគ្នាបន្ទោស រដ្ឋាភិបាលអឺល្លឺម៉ង់ ដែលទទួលយកជនអន្តោប្រវេសន៍នេះ។ លើសពីនេះ ប្រធានាធិបតីទី ៤៥ របស់អាមេរិកខាងជឿជាក់ថា ប្រជាជនអង់គ្លេស សុខចិត្តជ្រើសរើស ការដើរចេញពីសហភាពអឺរ៉ុប ក៏ដោយសារវិបត្តិជនភៀសខ្លួនទាំងនេះដែរ។ ពួកគេចាកចេញដោយសារគេមិនចង់ រងបន្ទុកធ្ងន់ធ្ងរ និង អាចប្រឈមមុខបញ្ហា សន្តិសុខផ្សេងទៀតដូចគ្នា៕

ដកស្រង់ពី៖ ថ្មីៗ