Social Network

កាន់តែធ្ងន់ធ្ងរ! មន្ត្រីទូតជាន់ខ្ពស់​កូរ៉េខាងជើង​បន្ថែមទៀត នឹងអាចរត់ចោលតំណែង​ មកសុំចុះចូល​ជាមួយកូរ៉េខាងត្បូង»

(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង កូរ៉េខាងជើង ប្រចំាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក ថែ យ៉ុង ហូ (Thae Yong Ho) បាននិយាយថា មន្ត្រីទូតកូរ៉េខាងជើង ជាន់ខ្ពស់ ជាច្រើននាក់ផ្សេងទៀត នៅតាមបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអាចរត់ភៀសខ្លួន មកសុំជ្រកកោន នៅកូរ៉េខាងត្បូង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។ លោក ថែ យ៉ុង ហូ បានរត់ភៀសខ្លួនមកកាន់ កូរ៉េខាងត្បូង កាលពីខែសីហា ឆ្នាំ២០១៦ ហើយចាប់តាំងពីខែធ្នូ ឆ្នាំដដែល លោក ថេ បានបង្ហាញមុខជាសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មាន ក៏ដូចជា កម្មវិធីទូរទស្សន៍ ដែលផ្ដោតទៅលើ ប្រធានបទស្ដីពីការ រត់ភៀសខ្លួនមកកាន់ទីក្រុងសេអ៊ូល និង ជីវិតក្នុងនាមជា មន្ត្រីទូតកូរ៉េខាងជើង របស់លោកកាលពីអតីតកាល។

អតីតអគ្គរដ្ឋទូតរង កូរ៉េខាងជើងរូបនេះ បានកត់សម្គាល់ថា «មន្ត្រីទូតកូរ៉េខាងជើង ជាច្រើននាក់ បានរត់ភៀស ខ្លួនមកកាន់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ (...) ខ្ញុំមិនមែនជាមនុស្សតែម្នាក់ ដែលរត់ពីអឺរ៉ុប មកជ្រកកោននៅកូរ៉េខាងត្បូងនោះទេ ក៏ប៉ុន្តែ នៅមានមន្ត្រីទូត កូរ៉េខាងជើងដ៏ទៃទៀត កំពុងរង់ចាំរត់មកកាន់ទីនេះ (...) ហើយក្នុងចំណោម មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ទាំងនោះ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ បានបង្ហាញខ្លួន ជាសាធារណៈ»។

គួររំលឹកថា លោក ថេ យ៉ុង ហូ មានអាយុ ៥៤ឆ្នាំ ធ្លាប់និយាយជាសាធារណៈថា លោកមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក គីម ជុងអ៊ុន ទើបលោកសម្រេចចិត្តរត់មកជ្រកកោន ជាមួយកូរ៉េខាងត្បូង ហើយចលនានេះ គឺជាលើកដំបូងបំផុត គិតចាប់តាំងពី មន្ត្រីកំពូលកូរ៉េខាងជើង ផ្នែកមនោគមន៍វិជ្ជារបស់ គណបក្សពលករ លោក Hwang Jang Yop បានរត់ភៀសខ្លួន មកកាន់កូរ៉េខាងត្បូងនៅឆ្នាំ១៩៩៧៕

ដកស្រង់ពី៖ Fresh News