Social Network

ក្តៅៗ! រដ្ឋសភាថៃសម្រេចគាំទ្រ ព្រះរាជ្យបំណង​ស្តេចថ្មីដែលស្នើ​ឲ្យកែរដ្ឋធម្មនុញ្ញ និងអាច​ពន្យាការ​បោះឆ្នោតទៀត!

(បាងកក)៖ សភាជាតិថៃ ដែលគាំទ្រដោយ រដ្ឋាភិបាលយោធា នៅថ្ងៃសុក្រនេះ បានបោះឆ្នោត អនុម័តហើយលើការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ តាមព្រះរាជបំណង របស់ព្រះមហាក្សត្រថៃថ្មីព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ហើយដែលការអនុម័តនេះ ត្រូវបានគេមើលឃើញថា អាចនឹងជំរុញឱ្យការបោះឆ្នោតសកល ដែលគ្រោងនឹងរៀបចំឡើង ក្នុងឆ្នាំនេះត្រូវពន្យាពេល។

នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ គំាទ្រដោយរបបយោធាថៃ ត្រូវបានអនុម័តតាមរយៈការបោះឆ្នោត ប្រជាមតិ កាលពីឆ្នាំ២០១៦។ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អូចា បានថ្លែងថា ព្រះមហាក្សត្រថៃថ្មី បានស្នើឱ្យមានការកែប្រែ លក្ខន្តិកៈមួយចំនួន ពាក់ព័ន្ធនឹងអំណាចព្រះមហាក្សត្រ នៅក្នុងសេចក្ដីព្រាងរ ដ្ឋធម្មនុញ្ញថ្មីនេះ។

ដូច្នេះ ដើម្បីកែប្រែលក្ខន្តិកៈ ទំាងនេះ សភាថៃត្រូវតែធ្វើការ ប្រែរដ្ឋធម្មនុញ្ញ បណ្ដោះអសន្នជាមុនសិន ខណៈទំនាក់ទំនង រវាងព្រះមហាក្សត្រថ្មី និង របបយោធាថៃ កំពុងស្ថិតនៅក្នុង ភាពស្រពិចស្រពិល នៅឡើយ។

គួរបញ្ជាក់ថា ការបោះឆ្នោតអនុម័ត ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត ដោយក្រុមអ្នកតំណាងរាស្ត្រ ២២៨នាក់ ក្នុងចំណោមតំណាងរាស្ត្រ សរុបទាំង ២៣១នាក់ រីឯសមាជិក ០៣នាក់ផ្សេងទៀត បានធ្វើអនុប្បវាទ៕

ដកស្រង់ពី៖Fresh News