Social Network

គ្រួសារជនរងគ្រោះដោយអំពើភេរវកម្ម​ នៅទីក្រុង​ប៉ារីស និងព្រុចសែល​ចោទបណ្តាញ​សង្គម Twitter​ ថាបានជួយ​ក្រុមភេរវករ ISIS

(វ៉ាស៊ីនតោន)៖ ក្រុមគ្រួសារ ជនជាតិអាមេរិក បីនាក់ ដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារ ភេរវកម្មរបស់ក្រុម ISIS នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និង ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក បានសម្រេចចិត្ត ដាក់ពាក្យបណ្ដឹង ក្រុមហ៊ុន Twitter ទៅកាន់តុលាការ ដោយពួកគេចោទប្រកាន់ថា ក្រុមហ៊ុននៃបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ល្បីមួយនេះ បានជួយដល់ក្រុម ISIS ពោលគឺបណ្ដោយឱ្យ ក្រុមភេរវករប្រើប្រាស់ Twitter ក្នុងការផ្ញើសារ របស់ពួកគេ តាមអំពើចិត្ត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។ ពាក្យបណ្ដឹង ដែលបានដាក់ជូនតុលាការ ក្នុងទីក្រុងញូយ៉ក ប្រឆាំងនឹងក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើង ដោយក្រុមគ្រួសារ ជនជាតិអាមេរិកបីនាក់ ដែលសមាជិកគ្រួសាររបស់ពួកគេ បានស្លាប់ នៅក្នុងការវាយប្រហារ ភេរវកម្មរបស់ក្រុម ISIS នៅទីក្រុងប៉ារីស កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និង នៅអាកាសយានដ្ឋាន ទីក្រុងព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

ម្យ៉ាងវិញទៀត ក្រុមគ្រួសារទំាងនេះ បានចោទប្រកាន់ Twitter ថាជាអ្នកទទួលខុស ត្រូវលើការស្លាប់នៃសាច់ញាតិ របស់ពួកគេដោយសំអាងថា Twitter បានបណ្ដាយឱ្យ ក្រុមភេរវករប្រើប្រាស់ បណ្ដាញទំនាក់ទំនង សង្គមរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ មនោគមវិជ្ជា និង ការជ្រើសរើស សមាជិកថ្មី។

គួរបញ្ជាក់ថា បើតាមក្រុមគ្រួសារ ខាងលើ ក្រុមហ៊ុន Twitter បានរំលោភលើច្បាប់ ប្រឆាំងភេរវកម្ម របស់សហរដ្ឋអាមេរិក ចំណែកឯ ការទាមទារសំណងជំងឺចិត្ត ជាក់លាក់នឹងត្រូវកំណត់នៅពេលដំណើរការ រឿងក្ដី នៅចំពោះមុខតុលាការ។ កាលពីខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន Twitter បានសម្រេចចិត្ត បិទគណនី អ្នកប្រើប្រាស់ជាង ៣៦០,០០០នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការ លើកទឹកចិត្តចំពោះ សកម្មភាពភេរវកម្ម៕

ដកស្រង់ពី៖ Fresh News