Social Network

អ្នកវិភាគព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកកំពុង​បញ្ឆេះសង្គ្រាម នៅតំបន់​អឺរ៉ុបខាងកើត តាមរយៈ​ការពង្រាយ​យោធាកំញើញ​រុស្ស៊ី!

(មូស្គូ)៖ ការសម្រេចចិត្តពីសំណាក់ សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថក្រោះ រថពាសដែក រួមទាំងកងទ័ព ៣,៥០០នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត នាពេលថ្មីៗនេះ ក្រោមហេតុផល ទប់ស្កាត់ ការពង្រីកឥទ្ធិពលយោធា និង ដើម្បីកំញើញរុស្ស៊ី អាចនឹងលើកទឹកចិត្ត ឱ្យបណ្ដាប្រទេសតូចៗ ហ៊ានពើងទ្រូងដាក់ទីក្រុងមូស្គូ ក៏ប៉ុន្តែវាក៏អាចនឹងបង្ក ឱ្យមានជម្លោះនៅក្នុង តំបន់ផងដែរ។

នេះបើតាមការព្រមាន ពីអ្នកវិភាគនយោបាយ អាមេរិកម្នាក់ ដែលចុះផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។ ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយ Sputnik លោក John Walsh អ្នកជំនាញ ខាងវិភាគ នយោបាយអន្តរជាតិ និង សង្គ្រាមបាននិយាយថា «ការបញ្ជូនយោធា របស់សហរដ្ឋអាមេរិក មិនមែនជាវិធានការ ការពារដ៏មានប្រសិទ្ធភាព នោះទេ ត្បិតវាគ្មានអ្វីត្រូវការពារ (...) ក៏ប៉ុន្តែ វាបែរជាបង្កឱ្យមានជម្លោះ រវាងសហរដ្ឋអាមេរិក និង រុស្ស៊ីតែប៉ុណ្ណោះ ខណៈស្ថានការណ៍ នៅក្នុងតំបន់ កំពុងតានតឹងស្រាប់។

ដូច្នេះបណ្ដាប្រទេសអឺរ៉ុប គួរតែប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ចំពោះទីតាំងរបស់ខ្លួន នៅចន្លោះទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងមូស្គូ»។

គួរបញ្ជាក់ថា បើតាមការពន្យល់ របស់លោក John Walsh បន្ទាប់ពីឡើងស្បថ ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក ជាផ្លូវការនៅ ថ្ងៃទី២០ ខែមករា ខាងមុខនេះ លោក ដូណាល់ ត្រាំ អាចនឹងលុបចោល ផែនការដាក់ពង្រាយយោធា របស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ក៏ព្រោះតែលោកបាន បង្ហាញជំហរច្បាស់លាស់ របស់អាមេរិក ក្នុងការស្តារទំនាក់ទំនង ឲ្យបានល្អឡើងវិញ ជាមួយនឹង ប្រទេសរុស្ស៊ី ហើយវាក៏ទំនងជា កត្តាដែលបានជំរុញឲ្យ រូបលោកជាប់ ឆ្នោតផងដែរ កាលពីថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ដកស្រង់ពី៖ Fresh News