Social Network

សហរដ្ឋអាមេរិក៖ «​របាយការណ៍ CIA ដែលចោទរុស្ស៊ីថាបានចូល Hack លទ្ធផលបោះឆ្នោតគឺមិនខុសទេ ប៉ុន្តែវាគ្មានភស្ដុតាងគ្រប់គ្រាន់»

(វ៉ាស៊ីនតោន)៖ ការិយាល័យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) បានបដិសេធចំពោះ របាយការណ៍ និងការវាយតម្លៃរបស់ទីភ្នាក់ងារចារកិច្ច CIA ដែលថា រុស្ស៊ីបានវាយប្រហារ តាមប្រព័ន្ធអ៉ិនធើណែត  លើលទ្ធផល នៃការបោះឆ្នោតជ្រើស រើសប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត ប៉ុន្តែ ODNI មិនបានបញ្ជាក់ឡើយថា របាយការណ៍នេះ ខុសដោយវាគ្រាន់តែ គ្មានភស្ដុតាងគ្រប់គ្រាន់តែប៉ុណ្ណោះ។ នេះបើតាម ក្រុមមន្ត្រីអាមេរិក ថ្លែងក្នុងលក្ខខណ្ឌ  មិនបញ្ចេញឈ្មោះ ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

 ប្រភពដដែលបាន ឱ្យដឹងទៀតថា ODNI មិនបានជំទាស់ទំាង  ស្រុងនោះទេ ចំពោះការវិភាគរបស់ CIA ពាក់ព័ន្ធនឹងការចូល Hack លទ្ធផលឆ្នោតដោយរុស្ស៊ី ក៏ប៉ុន្តែលោកក៏មិន បានទទួលស្គាល់ដែរ ការវាយតម្លៃ និងរបាយការណ៍របស់ CIA ក្រោមហេតុផលគ្មាន ភស្ដុតាងច្បាស់លាស់ បង្ហាញថា ទីក្រុងមូស្គូពិត ជាមានបំណងជួយឱ្យលោក ដូណាល់ ត្រាំ យកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន ឬយ៉ាងណានោះទេ ខណៈអ្នកនាំពាក្យ ODNI ក៏មិនបានធ្វើអត្ថាធិប្បាយ អ្វីនោះដែរជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា ការិយាល័យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) គឺស្ថាប័នផ្នែកចារកិច្ច ដែលឃ្លាំមើល និងគ្រប់គ្រងទី ភ្នាក់ងារស៊ើបការអាមេរិកទាំង១៧ ក្នុងនោះរួមមានទំាង CIA ផងដែរ។

ដូច្នេះតាមរយៈការ បដិសេធនេះ ODNI អាចនឹង ផ្ដល់ការគាំទ្រ ពិសេសមួយ ដល់លោក ដូណាល់ ត្រាំ ដើម្បីជំទាស់ នឹងរបាយការណ៍ CIA ដែលលោកផ្ទាល់ចាត់ទុកថាជា «រឿងគួរឱ្យអស់សំណើច» និងគ្រាន់តែជាការចង់ បិទបាំងភាពអៀនខ្មាស់ នៃការបរាជ័យរបស់លោកស្រី គ្លីនតុន តែប៉ុណ្ណោះ៕

ដកស្រង់ពី៖FRESH NEWS