Social Network

ទោះបីជាចិនយល់ព្រមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង តែនៅតែទុកផ្លូវដើរឱ្យមិត្តឯកោម្នាក់នេះ

(ប៉េកាំង)៖ ដូចអ្វីដែលក្រុម អ្នកជំនាញរំពឹងទុក បើទោះជាចិន យល់ព្រមជាមួយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការអនុម័តលើដំណោះស្រាយ ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹង កូរ៉េខាងជើង ចំពោះការបាញ់សាកល្បង អាវុធនុយក្លេអ៊ែ ជាលើកទី៥កាល ពីខែកញ្ញាក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំង នៅតែទុកផ្លូវដើរ ឱ្យប្រទេសកុម្មុយនីស្ដ ឯកោមួយនេះ។

ជាក់ស្ដែងក្រសួង ការបរទេសចិន បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ មិនមានគោលដៅ បំផ្លាញទំនាក់ទំនង ពាណិជ្ជកម្មធម្មតា ជាមួយកូរ៉េខាងជើង ឬក៏ធ្វើឱ្យប៉ះពាល់ ដល់ជនស៊ីវិលនោះឡើយ។

 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

សមាជិកក្រុមប្រឹក្សា សន្តិសុខទំាង១៥ប្រទេស រួមមានទំាងចិន ដែលជាខ្នងបង្អែក របស់របបដឹកនាំលោក គីម ជុងអ៊ុន បានសម្រេចជាឯកច្ឆ័នអនុម័ត លើដំណោះស្រាយ ដាក់ទណ្ឌកម្មលេខ ២៣២១ ប្រឆំាងនឹងកូរ៉េខាងជើង កាលពីថ្ងៃពុធ ហើយការដែលចិន ធ្វើបែបនេះ អាចមកពីចិនចង់ផ្ដល់ មេរៀនខ្លះដល់ កូរ៉េខាងជើង ដែលចេះតែបង្ករឿង នៅក្នុងតំបន់ តាមរយៈ ការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែ ជាបន្តបន្ទាប់ រហូតដល់សហរដ្ឋអាមេរិក មានលេសដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដី កូរ៉េខាងត្បូង។

ដោយឡែកជុំវិញ ការដាក់ទណ្ឌកម្មនេះដែរ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Geng Shuang បានថ្លែងថា «ចិនបានអនុវត្តដោយការទទួលខុសត្រូវ រាល់ដំណោះស្រាយ អង្គការសហប្រជាជាតិ ហើយការដាក់ទណ្ឌកម្មនេះមិនមែនមានន័យថា បំផ្លាញទំនាក់ទំនង ពាណិជ្ជកម្មធម្មតា ជាមួយកូរ៉េខាងជើង ឬប៉ះពាល់ដល់ជនស៊ីវិលនោះទេ»

លោក Geng បន្ថែមថាភាគីទំាងអស់ គួរតែជៀសវាង សកម្មភាពទាំងឡាយ ធ្វើឱ្យស្ថានភាពកាន់ តែច្របូកច្របល់ ដូចជាគំរោងដាក់ ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដី កូរ៉េខាងត្បូង ជាឧទាហរណ៍ស្រាប់។

គួរបញ្ជាក់ថា ដំណោះស្រាយ លេខ២៣២១ នៃក្រុមប្រឹក្សាសន្តិសុខ UN គឺមានគោលដៅកាត់បន្ថយ ប្រាក់ចំណូល បានមកពីវិស័យនាំចេញ របស់កូរ៉េខាងជើង ដោយក្នុងមួយឆ្នាំ បើរាប់ទាំងការ ហាមឃាត់ការនាំចេញ ធ្យូងថ្ម នីកែល ទង់ដែង ជាដើម របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងខាតបង់ប្រាក់ចំណូល ជាង៨០០លាន ក្នុងមួយឆ្នាំ ដែលនេះអាចជាផ្លូវ មួយរាំងខ្ទប់ធនធាន កុំឱ្យកូរ៉េខាងជើង យកទៅប្រើប្រាស់ក្នុង ការអភិវឌ្ឈន៍មីស៊ីល និងអាវុធនុយក្លេអ៊ែ៕

 

ដកស្រង់ពី៖FRESH NEWS