Social Network

យានអវកាសរុស្ស៊ីផ្ទុះឆេះ ពេលកំពុងហោះហើរទៅផ្គត់ផ្គង់ជំនួយដល់ ស្ថានីយ៍ទីអវកាសអន្តរជាតិ

(មូស្គូ)៖ ទីភ្នាក់ងារ អវកាសរុស្ស៊ី Roskosmos បានប្រកាស ឱ្យដឹងថា យានអវកាស របស់ខ្លួនដែលប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ ស្បៀងអាហារ និងប្រេងឥន្ធនៈជាង ២.៦តោន សម្រាប់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) បានផ្ទុះឆេះនៅលើ អាកាសក្នុងរយៈពេល៦នាទី បន្ទាប់ពីត្រូវបានបាញ់ បង្ហោះចេញពីស្ថានីយ៍បាញ់បង្ហោះ Baïkonour។

 ក្នុងប្រទេស កាហ្សាក់ស្ថាន ខណៈមូលហេតុផ្ទុះ ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យច្បាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

យានអវកាស MS-04 បានធ្លាក់ នៅចំងាយពី ៦០ទៅ ៧០គីឡូម៉ែត្រពី ភាគខាងលិចទីក្រុង Kyzyl  នៃភាគខាងត្បូង តំបន់ស៊ីបេរី ដោយមិនបានបង្កគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់នោះទេ។

ដោយឡែកជុំវិញ ការផ្ទុះឆេះយាននេះដែរ ទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បញ្ជាក់នៅលើ Twitter របស់ខ្លួនថា «ដោយសារតែបញ្ហា ស្ថានភាពមិនប្រក្រតី យើងបានបាត់បង់ យានអវកាស MS-04 នៅរយៈកម្ពស់ ១៩០គីឡូម៉ែត្រ ពីលើតំបន់ដែលគ្មាន មនុស្សរស់នៅ នៃភាគខាងត្បូង តំបន់ស៊ីបេរី ហើយភាគច្រើន នៃបំណែកនៃយាននេះ បានផ្ទុះឆេះនៅលើអាកាស»។

គួរបញ្ជាក់ថាបំណែក យានអវកាស MS-04  ត្រូវបានគេរកឃើញនៅ ឯសាធារណរដ្ឋ Touva (ទឹកដីរុស្ស៊ី) នៅតំបន់ស៊ីបេរី៕

ដកស្រង់ពី៖FRESH NEWS