Social Network

លោក ដូណាល់ ត្រាំ៖ «ខ្ញុំនឹងបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងគុយបាភ្លាម បើសិនប្រទេសដែនកោះមួយនេះ មិនបានធ្វើអ្វីល្អណាមួយទេនោះ»

(វ៉ាស៊ីនតោន)៖ អនាគត ប្រធានាធិបតី សហរដ្ឋអាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter នៅថ្ងៃចន្ទ ថា លោកអាច នឹងលុបចោល កិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក ជាមួយនឹងគុយបា បើសិនជា ប្រទេសដែនកោះមួយនេះ មិនបានធ្វើអ្វី ល្អណាមួយទេនោះ។

នេះបើតាមការ ចុះផ្សាយដោយសារ ព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «បើសិនជាគុយបា មិនបាន ឬ មិនចង់ធ្វើឱ្យប្រសើរឡើង នូវកិច្ច ព្រមព្រៀង សម្រាប់ប្រជាជនគុយបា ពលរដ្ឋអាមេរិក ដើមកំណើតគុយបា ឬ ក៏សម្រាប់សហរដ្ឋអាមេរិក ទំាងមូល ទេនោះ ខ្ញុំនឹងលុបចោល កិច្ចព្រមព្រៀង ភ្លាម»។

ការលើកឡើងបែបនេះ របស់លោកត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីលោក បានធ្វើអត្ថាធិប្បាយមួយចំនួន កាលពីថ្ងៃអាទិត្យ ជុំវិញមរណៈភាព នៃអតីតមេដឹក នាំ គុយបា លោក ហ្វីឌែល កាស្រ្តូ ដោយលោកផ្ទាល់ បានហៅលោក កាស្ត្រូ ថា «ជនផ្ដាច់ការឃោរឃៅ» និង ថែមទាំងបានសន្យាថា រដ្ឋាភិបាលអាមេរិក ថ្មីក្រោមការ ដឹកនាំរបស់លោក នឹង ធ្វើអ្វីគ្រប់យ៉ាងតាមដែលអាច ធ្វើទៅបានដើម្បី លើកម្ពស់សេរីភាព និង វិបុលភាព របស់ប្រជាជនគុយបា។

ចំណែកប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងថា គោលនយោបាយរបស់ រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន គឺជាមូលហេតុដែលនំា ឱ្យប្រជាជនអាមេរិក ខ្លួនឯងបាក់បែកផ្ទៃក្នុង និង ស្អប់ខ្ពើម គ្នាទៅវិញទៅមក។នេះបើតាម ការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ទំនាក់ទំនង ការទូតរវាង សហរដ្ឋអាមេរិក និង គុយបា ត្រូវបានផ្សាភ្ជាប់គ្នា ឡើងវិញកាលពី ឆ្នាំ២០១៥ ក្រោមរដ្ឋាភិបាល អាមេរិកដឹកនាំ ដោយលោក បារ៉ាក់ អូបាម៉ា៕


ដកស្រង់ពី៖Fresh News