Social Network

រដ្ឋសភាថៃនឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិនៅថ្ងៃអង្គារ៍នេះ

(បាងកក)៖ រដ្ឋសភានៃប្រទេសថៃ ត្រូវបានគេ រំពឹងទុកថា នឹង យាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិ ក្លាយជា ព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ៍នេះ តែម្តង ដែលវាបានកើតមានឡើង តែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា។

នេះបើតាម ការផ្សាយរបស់ Reuters ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការប្រកាស យាងព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ភ្លាមៗនៅថ្ងៃអង្គារនេះ នឹង ធ្វើឲ្យប្រជាជាតិថៃទាំងមូល មានការព្រួយបារម្ភ ថាព្រះមហាក្សត្រថ្មីនេះ នឹង មិនអាចឡើង គ្រងរាជ្យសម្បត្តិ ទាន់កាលកំណត់ នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ខណៈដែលព្រះអង្គម្ចាស់ ពេលនេះ កំពុងស្ថិតនៅក្នុង ប្រទេសអាល្លឺម៉ង់នៅឡើយ។

ជុំវិញបញ្ហានេះលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានលើកឡើងថា ព្រះអង្គម្ចាស់ បានស្នើមកកាន់លោក ឲ្យពន្យាពេល នៃការឡើងស្នងរាជ្យសម្បត្តិ ដោយសារ កំពុងស្ថិតនៅក្នុងអំឡុងពេល កាន់ទុក្ខ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនដែលថ្លែងសារអ្វីឡើយ ជាសាធារណៈ ចាប់តាំងពី ព្រះបិតារបស់ព្រះអង្គ សោយព្រះទិវង្គតនោះ ដោយគំរោងការណ៍ និង កិច្ចការជាតិនានា ជាបន្ទុករបស់រដ្ឋាភិបាល ដែលគ្រប់គ្រងទាំងស្រុង ដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា។ទោះបីជា បែបនេះក្តី ព្រះអង្គម្ចាស់ ធ្លាប់បានផ្តល់ព័ត៌មាន មកថា ព្រះអង្គ នឹងយាងត្រឡប់មកពី អាល្លឺម៉ង់វិញ នៅចុងសប្តាហ៍នេះ ហើយបើពិតមែននោះ វានឹងហួស ថ្ងៃទី០១ ខែធ្នូ ជាថ្ងៃកំណត់ នៃការឡើងស្នងរាជ្យ នោះហើយ។

បន្ថែមពីនេះ សមាជិក រដ្ឋសភាថៃមួយរូប បានថ្លែងប្រាប់ Reuters ដោយសុំមិនបញ្ចេញ ឈ្មោះថា «ថ្ងៃនេះយើងកំពុងតែ រង់ចាំរដ្ឋាភិបាល បញ្ជូនលិខិត ទៅកាន់រដ្ឋសភា។ យើងរំពឹងថា វានឹងសម្រេចបាន តាមពេលកំណត់ទៅចុះ»។ ការបញ្ជូននេះ គឺដើម្បីទទួលបាន ការអនុញ្ញាតពីរដ្ឋសភា ទើបធ្វើការយាង ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ត្រឡប់មកប្រទេសថៃវិញ ជាផ្លូវការ៕


ដកស្រង់ពី៖ Fresh News