Social Network

កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគ ចូលសមុទ្រនៅភាគខាងកើត

យោធាកូរ៉េខាងត្បូង និងក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ កូរ៉េខាងជើង បានបាញ់ មីស៉ីលមួយគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងកើតឆ្នេររបស់ខ្លួន។

យោធាទីក្រុងសេអ៊ូល បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគមួយគ្រាប់ ដែលមិនទាន់ អាចកំណត់ប្រភេទបាន ចូលទៅក្នុងសមុទ្រខាងកើត (ឬហៅថា សមុទ្រជប៉ុន)។

រីឯក្រសួងការពារជាតិជប៉ុន បាន បង្ហោះសារលើប្រព័ន្ធ X ថា មីស៉ីលមួយគ្រាប់ដែលសង្ស័យជាមីស៉ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពី ប្រទេសកូរ៉េខាងជើង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK មីស៉ីលនោះ បានធ្លាក់នៅក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយទៀតគឺ NTV ដែលផ្អែកលើ ប្រភពពីរដ្ឋាភិបាលជប៉ុន វាជាប្រភេទមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី។

សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួន បានធ្វើបាញ់សាកល្បងបាញ់ មីស៉ីលគ្រូសយុទ្ធសាស្រ្តមួយគ្រាប់ ដើម្បីធ្វើតេស្តក្បាលគ្រាប់ខ្នាតយក្សមួយ ព្រមទាំងមីស៉ីលស៊េរីថ្មីសម្រាប់ ប្រឆាំងយន្តហោះយោធា។

ក្នុងខែមេសានេះ កូរ៉េខាងជើង ក៏បានបាញ់មីស៉ីលល្បឿនលឿនជាងសំឡេងថ្មី មួយផងដែរ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍប្រភេទមីស៉ីលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង។

តាម រយៈការអភិវឌ្ឍមីស៉ីលបាលិស្ទីគ កូរ៉េខាងជើងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ សហប្រជាជាតិ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានលើកឡើងថា ការដាក់បម្រាមនោះ គឺជាការរំលោភមកលើសិទ្ធិ របស់ប្រទេសកូរ៉េខាងជើង ក្នុងការការពារខ្លួនឯង នេះបើតាមការផ្សាយរបស់ Reuters ។