Social Network

ចិនធ្វើជាម្ចាស់ផ្ទះសន្និសីទកងទ័ពជើងទឹកប៉ាស៉ីហ្វិកខាងលិច ចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃអាទិត្យ កងទ័ពជើងទឹកចិន បានចាប់ផ្តើមបើកសន្និសីទ ដែលប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្តង ជាមួយក្រុមមន្រ្តីយោធាជើងទឹកមកពីបរទេស នៅឯទីក្រុងកំពង់ផែ Qingdao ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។

ព្រឹតិ្តការណ៍ការទូតយោធា ដែលមានរយៈពេល៤ថ្ងៃ ជាមួយប្រតិភូមកពីខ្ទង់៣០ប្រទេស រួមមានសហរដ្ឋអាមេរិក អូស្រ្តាលី បារាំង ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម។ កិច្ចពិភាក្សានៃសន្និសីទ គឺផ្តោតទៅលើបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធសន្តិសុខដែនសមុទ្រ។

ព្រឹត្តិការណ៍សន្និសីទខាងលើ ក៏គាប់ជួបពេលជាមួយសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ រវាងហ្វីលីពីន និងអាមេរិកផងដែរ ដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃចន្ទនេះ ហើយជាលើកទីមួយ ដែលធ្វើឡើងនៅក្រៅដែនសមុទ្ររបស់ហ្វីលីពីន។

សូមបញ្ជាក់ថា សន្និសីទកងទ័ពជើងទឹកប៉ាស៉ីហ្វិកខាងលិច ត្រូវបានធ្វើឡើងលើកចុងក្រោយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានជប៉ុនធ្វើជាម្ចាស់ផ្ទះ។

សម្រាប់សន្និសីទឆ្នាំ២០២៤នេះ គឺជាលើកដំបូងដែលចិនជាអ្នករៀបចំ គិតចាប់តាំងពីឆ្នាំ២០១៤មក ហើយត្រូវនឹងខួបទី៧៥ នៃថ្ងៃកំណើតកងទ័ពជើងទឹកចិន គឺថ្ងៃអង្គារសប្តាហ៍ក្រោយ។

ទីក្រុងប៉េកាំង មានមហិច្ឆតាពង្រីកកងទ័ពជើងទឹករបស់ខ្លួន ដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យកសាងយោធាចិនក្លាយជាយោធាលំដាប់ថ្នាក់ពិភពលោក នៅត្រឹមឆ្នាំ២០២៧ ចំគម្រប់ខួប១០០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពចិន នេះបើតាមការផ្សាយរបស់ Reuters ។