Social Network

នូវែលសេឡង់ សម្រេចដាក់ក្រុមហាម៉ាសទាំងមូល ចូលក្នុងបញ្ជីអង្គការភេរវករ

(វែលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ នូវែលសេឡង់បានសម្រេចដាក់ ក្រុមហាម៉ាសប៉ាឡេស្ទីនទាំងមូលតែម្តង ចូលក្នុងបញ្ជីអង្គការភេរវករ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការវាយប្រហាររបស់ពួកហាម៉ាស លើអ៉ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ គឺជាទង្វើឃោរឃៅ ហើយយើងបានថ្កោលទោសការវាយប្រហារនោះ យ៉ាងច្បាស់ៗបំផុត»។

ប៉ុន្តែលោក Luxon បានបន្ថែមថា នូវែលសេឡង់ចង់បញ្ជាក់ថា ការដាក់ហាម៉ាសចូលក្នុងបញ្ជីខាងលើ ជាចំណាត់ការលើក្រុមភេរវករមួយ ហើយមិនមែនឆ្លុះបញ្ចាំងទៅលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza និងនៅកន្លែងផ្សេងទៀត ជុំវិញពិភពលោកឡើយ។

គួរបញ្ជាក់ថា នូវែលសេឡង់ បានកត់ឈ្មោះផ្នែកយោធារបស់ក្រុមហាម៉ាស ចូលជាអង្គភាពភេរវករ ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា ក្រុមហាម៉ាសទាំងមូល គឺជាអ្នកទទួលខុសត្រូវសម្រាប់ការវាយប្រហារថ្ងៃ៧ តុលា ជាហេតុធ្វើឱ្យរដ្ឋាភិបាលនូវែលសេឡង់ ពិបាកក្នុងការបែងចែកឱ្យដាច់ពីគ្នា រវាងផ្នែកយោធានិងផ្នែកនយោបាយ របស់ក្រុមប៉ាឡេស្ទីនមួយនេះ។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza Strip បានវាយប្រហារសម្លាប់មនុស្សប្រហែល១,២០០នាក់ នៅអ៉ីស្រាអែល។ នាថ្ងៃដដែលនោះ អ៉ីស្រាអែលក៏បានចាប់ផ្តើមធ្វើការសងសឹកវិញភ្លាមៗ ជាដំបូងដោយការវាយប្រហារតាមផ្លូវអាកាស ហើយបន្ទាប់មក ដោយការបញ្ជូនកងទ័ពចូលវាយលុកតាមជើងគោក ថែមទៀត នៅតំបន់ Gaza ដែលបើតាមក្រសួងសុខាភិបាល Gaza គឺមកទល់ពេលនេះ បានផ្តាច់ជិវិតមនុស្សយ៉ាងហោច៣០,០០០នាក់ហើយ៕

ដកស្រង់ពី៖ Fresh News