Social Network

ហ្វីលីពីនថា ការល្បាតដែនអាកាសរួមគ្នាជាមួយអាមេរិក គឺដើម្បីការពារទឹកដី និងផលប្រយោជន៍ជាតិ នៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងម៉ានីលអំពីការដុតបញ្ឆេះឱ្យមានបញ្ហា មន្រ្តី យោធាហ្វីលីពីនម្នាក់ បានចេញមុខនិយាយថា ការធ្វើប្រតិបត្តិការល្បាតដែនអាកាសរួមគ្នារវាងប្រទេស ហ្វីលីពីន និងសហរដ្ឋអាមេរិក មានគោលដៅការពារទឹកដី ក៏ដូចជាផលប្រយោជន៍ជាតិរបស់ខ្លួន នៅតំបន់ សមុទ្រចិនខាងត្បូង។

កាលពីថ្ងៃចន្ទ ក្រុមយន្តហោះចម្បាំងហ្វីលីពីន និងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក១គ្រឿង បានហោះ ហើររួមគ្នានៅលើផ្ទៃអាកាសនៃសមុទ្រចិនខាងត្បូង ពោល គឺរយៈពេលត្រឹមជាង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ចំពោះមុខភាពតានតឹងជុំវិញបញ្ហា ជម្លោះទឹកដី នៅក្នុងតំបន់សមុទ្រ ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ។

ការលើកឡើងខាងលើ កើតមានឡើង បន្ទាប់ពីយោធាចិន បានចោទហ្វីលីពីនថា ដុតបញ្ឆេះបញ្ហាតាមរយៈធ្វើសកម្មភាពល្បាតដែនអាកាសរួមគ្នា ជាមួយក្រុមប្រទេសនៅខាងក្រៅតំបន់ ហើយបំផុសបំផុលវាឡើង ដោយបើកចំហ។

សូមបញ្ជាក់ថា ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយចិន បានធ្លាក់ដុនដាបខ្លាំង ក្នុងពេលប្រមាណជា១ឆ្នាំ កន្លងទៅនេះ ស្របពេលទីក្រុងម៉ានីល ព្យាយាមពង្រីកទំនាក់ទំនងការពារជាតិ យូរអង្វែងមកហើយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។

ហ្វីលីពីន ពុំបានធ្វើសមយុទ្ធដែនអាកាស និងដែនសមុទ្ររួមគ្នាឡើយនៅសមុទ្រចិនខាងត្បូងជាមួយអាមេរិក ក្រោម អាណត្តិអតីតប្រធានាធិបតី លោក Rodrigo Duterte ដែលបានគាំទ្រការបង្កើនទំនាក់ទំនងជិតស្និទ្ធ ជា មួយទីក្រុងប៉េកាំង ហើយចាត់ទុកការធ្វើសកម្មភាពយោធារួមគ្នាជាមួយទីក្រុងវ៉ាស៉ីនតោន ជាទង្វើបង្ក ហេតុ នេះបើតាមការផ្សាយរបស់ Reuters ។