Social Network

ទីបំផុតអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានដោះលែងឱ្យមានសេរីភាព មុនពេលកំណត់

 កាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាព មុនកាលកំណត់ បន្ទាប់ពីរូបលោកត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នៅពេលវិលត្រឡប់ចូល ស្រុក កាលពី៦ខែមុន។ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៉ីន បានប្រកាសជាផ្លូវការថា លោក ថាក់ស៉ីន នឹងត្រូវដោះលែងនៅថ្ងៃអាទិត្យ។

នៅព្រឹកថ្ងៃអាទិត្យ លោក ថាក់ស៉ីន ត្រូវបានក្រុមអ្នកសារព័ត៌មាន ប្រទះឃើញអង្គុយក្នុងរថយន្ត១គ្រឿង ជាមួយកូនស្រីរបស់លោក ចាកចេញពីមន្ទីរពេទ្យប៉ូលិសនៅទីក្រុង បាងកក ជាទីដែលលោកអតីតនាយករដ្ឋមន្រ្តីថៃ បានចំណាយពេលស្ថិតនៅកន្លះឆ្នាំ។

ប៉ុន្មាននាទីក្រោយ លោក ថាក់ស៉ីន ក៏បានទៅដល់ផ្ទះគ្រួសាររបស់លោក ក្នុងរាជធានីប្រទេសថៃ។ សូមបញ្ជាក់ថា លោក Thaksin ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន នៅបរទេសអស់១៥ឆ្នាំ។

ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផល ប្រយោជន៍ ប៉ុន្តែទោសនេះ ត្រូវបានព្រះមហាក្សត្រថៃ បន្ធូរបន្ថយមកនៅត្រឹម១ឆ្នាំ។

ម៉្យាងវិញទៀត លោក ថាក់ស៉ីន មិនបានស្ថិតក្នុងពន្ធនាគារនោះឡើយ អំលុងពេល៦ខែមកនេះ ដោយលោកបានស្នាក់នៅក្នុង មន្ទីរពេទ្យមួយរបស់ប៉ូលិសរហូតមក ដោយសារបញ្ហាសុខភាព នេះបើតាមការផ្សាយរបស់ AFP ។