Social Network

រដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យក្រុមកសិករនូវការគាំទ្រចំពោះតម្លៃពោត កប្បាស និងគ្រាប់ធញ្ញជាតិ

 ក្រោយការប៉ះទង្គិចគ្នាជិតមួយសប្តាហ៍រវាងក្រុមកសិករ និងកងកម្លាំងសន្តិសុខ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា រដ្ឋាភិបាល យល់ព្រមផ្តល់ការធានាលើតម្លៃគ្រាប់ធញ្ញជាតិ ពោត និងកប្បាស ដើម្បីបន្សាបកំហឹងរបស់ប្រជាកសិករឥណ្ឌា ដែលបាននាំគ្នាធ្វើសកម្មភាពតវ៉ាទ្រង់ទ្រាយធំ។

លោក Goyal និយាយថា រដ្ឋាភិបាល បានដាក់ចេញនូវកិច្ចព្រមព្រៀង៥ឆ្នាំ ដើម្បីគាំទ្រតម្លៃអតិបរមាដល់ កសិករ ដែលដាំចម្រុះដំណាំរបស់ពួកគេ ដូចជាគ្រាប់ធញ្ញជាតិ សណ្តែក៣មុខ និងពោត។

សូមបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីក្រុមកសិករយល់ព្រមផ្អាកការតវ៉ា ដោយសំដៅដង្ហែ ក្បួនចូលក្នុងទីក្រុងញូវដែលី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

យ៉ាងនេះក្តី សហជីពកសិករ និយាយ ថា ពួកគេនឹងចំណាយពេល១-២ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តលើសំណើកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនេះ បន្ទាប់ពីឈានដល់ការឯកភាពគ្នា ក្នុងចំណោមពួកគេផ្ទាល់ នេះបើតាមការផ្សាយរបស់ Reuters ។