Social Network

ចិន ប្រាប់អ៊ុយក្រែនថា ខ្លួនមិនបានលក់អាវុធ ឱ្យរុស្ស៉ីនោះទេ

 រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីអ៊ុយក្រែនរបស់លោកថា ទីក្រុងប៉េកាំង មិនបានលក់អាវុធសម្លាប់ ជីវិតមនុស្សឱ្យរុស្ស៉ី សម្រាប់ប្រើនៅក្នុងសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែននោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសចិន បានឱ្យដឹងថា លោក Wang Yi បានប្រាប់លោក Dmytro Kuleba អំឡុងជំនួបមួយនៃឱកាសដែលប្រមុខការទូតទាំង២ ចូលរួមសន្នីសីទ សន្តិសុខទីក្រុងមុយនិក ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ទៅថា ចិន មិនបាន ឬក៏កំពុង ទាញយកផលប្រយោជន៍ពីសង្រ្គាមអ៊ុយក្រែនឡើយ ហើយក៏មិនបានលក់អាវុធសម្លាប់ជីវិតមនុស្សទៅកាន់ តំបន់ជម្លោះ ឬទៅភាគីជម្លោះនោះដែរ។

សេចក្ដីថ្លែងការណ៍នេះដដែលបានបន្ថែមទៀតថា មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ក៏ចិន នៅតែសង្ឃឹមថា ទំនាក់ទំនងរវាងចិន និងអ៊ុយក្រែន នឹងអភិវឌ្ឍឆ្ពោះទៅមុខជាធម្មតា ហើយបន្តផ្ដល់ ផលចំណេញដល់ប្រជាជននៃប្រទេសទាំង២។

សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ចិន បានអះអាងថា ខ្លួន គឺជា ប្រទេសអព្យាក្រឹត តែលោកខាងលិច បានរិះគន់គោលជំហររបស់ចិន ដោយសារតែបានបដិសេធថ្កោល ទោសទីក្រុងមូស្គូ។

លោកខាងលិច តួយ៉ាងដូចជាសហរដ្ឋអាមេរិក ក៏ធ្លាប់បានចោទប្រកាន់ចិនដែរថា កំពុង ពិចារណាផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី តែទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់បែបនេះ នេះបើតាមសេចក្ដី ថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន ដកស្រង់ការផ្សាយដោយ AFP។