Social Network

អ៉ីស្រាអែលស្នើតុលាការ ICJ បដិសេធសំណើពីអាហ្រ្វិកខាងត្បូង ដើម្បីដាក់ចេញវិធានការគ្រាអាសន្ន ពាក់ព័ន្ធទីក្រុង Rafah

 (ឡាអេ)៖ អ៉ីស្រាអែល បានស្នើទៅកាន់តុលាការយុត្តធម៌អន្តរជាតិ (ICJ) ឱ្យច្រានចោលសំណើររបស់អាហ្រ្វិកខាងត្បូង ដើម្បីដាក់ចេញនូវវិធានការគ្រាអាសន្នថែមទៀតក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សា បន្ទាប់ពីអ៉ីស្រាអែលមានផែនការ ពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួនចូលទីក្រុងមួយនេះ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ កាលពីខែមុន ICJ បានបង្គាប់ឱ្យអ៉ីស្រាអែល ប្រើប្រាស់គ្រប់វិធានការទាំងអស់ ដើម្បីទប់ស្កាត់កងទ័ពពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាករណីមួយដែលស្នើឡើងដោយប្រទេសអាហ្រ្វិកខាងត្បូង។

ដោយឡែក នាដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើទៅកាន់ ICJ ឱ្យដាក់ចេញនូវវិធានការគ្រាអាសន្នបន្ថែមទៀត ដើម្បីការពារប្រជាជនសិទ្ធិប៉ាឡេស្ទីននៅក្នុងទីក្រុង Rafah។ តាមឯកសារផ្សព្វផ្សាយដោយ ICJ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៉ីសា្រអែលបានលើកហេតុផលថា វិធានការគ្រាអាសន្ន ដែលដាក់ចេញកាលពី ៣សប្តាហ៍មុន បានគ្របដណ្តប់រួចហើយទៅលើ «ស្ថានភាពអរិភាពក្នុងតំបន់ហ្គាហ្សាទាំងមូល» ដូច្នេះ ICJ គួរតែបដិសេធសំណើបន្ថែម ពីសំណាក់អាហ្រ្វិកខាងត្បូង។

អ៉ីស្រាអែល ក៏បានបដិសេធនូវរាល់ការចោទប្រកាន់ពាក់ព័ន្ធនឹង អំពើប្រល័យពូជសាសន៍ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសផងដែរ។ គួរបញ្ជាក់ថា គេនៅមិនទាន់ប្រាកដទេថា តើក្រុមចៅក្រម ICJ នឹងសម្រេចលើសំណើថ្មីចុងក្រោយបង្អស់នេះ ឬបើកហៅសវនាការបន្ថែម ដើម្បីពិចារណា៕

ដកស្រង់ពី៖ Fresh News