Social Network

កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ចូលសមុទ្រ

 យោធាកូរ៉េខាងត្បូង  បានឱ្យដឹងថា កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើន គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាក ល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថា យោធារបស់ខ្លួនចាប់បាន សញ្ញានៃមីស៊ីលគ្រូសជាច្រើនគ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាងលិចរបស់កូរ៉េខាងជើង នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

អគ្គសនាធិការចម្រុះកូរ៉េខាងត្បូង បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងជើង បានអះអាងថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយ ផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីចំនួន២គ្រាប់ ដែលជាប្រភេទមីស៊ីលបាញ់ចេញ ពីនាវាមុជទឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីនេះ មានឈ្មោះ ថា Pulhwasal-3-31 ហើយកាលពីសប្ដាហ៍មុន កូរ៉េខាងជើង ក៏បានធ្វើតេស្ដបាញ់មីស៊ីលប្រភេទ នេះដែរ សូមបញ្ជាក់ថា ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្ដមីស៊ីលគ្រូស មិនត្រូវបានហាមឃាត់នៅក្រោមទណ្ឌកម្ម សព្វថ្ងៃរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងនោះទេ នេះបើតាមការផ្សាយរបស់ AFP។