Social Network

អ៉ីរ៉ង ព្រមានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារគ្រប់ទម្រង់

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានផ្សាយកាលពីនៅថ្ងៃពុធថា បេសកជនប្រចាំអង្គកាសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានព្រមានថា ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារគ្រប់ទម្រង់មកលើទឹកដី ផលប្រយោជន៍ ឬពលរដ្ឋអ៉ីរ៉ង់នៅខាងក្រៅទឹកដីរបស់ខ្លួន។

ការអត្ថាធិប្បាយរបស់ លោក Amir Saeid Iravani ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា លោក បានគិតឃើញហើយពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនពីសំណាក់ក្រុមគាំទ្រដោយអ៉ីរ៉ង់ សម្លាប់ទាហានអាមេរិក ៣នាក់នៅលើទឹកដីហ្ស៊កដានី តែមិនបានបញ្ជាក់លម្អិតអំពីរបៀបនៃការឆ្លើយតបនោះទេ។

សូមបញ្ជាក់ថា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាច្រើននាក់ ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហាររបស់អ៉ីស្រាអែលនៅស៉ីរី ដែលត្រូវបានអះអាងថា កំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ នេះបើតាមការផ្សាយរបស់ Reuters ។