Social Network

ព្រះមហាក្សត្រម៉ាឡេស៉ីថ្មី យាងឡើងកាន់តំណែងជាផ្លូវការ សម្រាប់រយៈពេល៥ឆ្នាំ

កាលពីថ្ងៃពុធ ព្រះចៅស៊ូលតង់ Ibrahim មកពីរដ្ឋ Johor បានស្បថចូលកាន់តំណែងជាផ្លូវការ ជាព្រះ មហាក្សត្រថ្មី របស់ប្រទេសម៉ាឡេស៉ី។ ពិធីស្បថចូលកាន់តំណែងខាងលើ ត្រូវបានប្រារព្ធឡើងនៅឯព្រះរាជវាំងជាតិម៉ាឡេស៉ី ក្នុងទីក្រុងគូឡាឡាំពួ។

នៅក្រោមប្រព័ន្ធរាជានិយម ដែលមានលក្ខណៈពិសេសមួយ គឺព្រះចៅស៊ូលតង់ប្រចាំរដ្ឋចំនួន៩ នៃប្រទេស ម៉ាឡេស៉ី ត្រូវឆ្លាស់វេនឡើងកាន់តំណែងជាព្រះមហាក្សត្រ រៀងរាល់រយៈពេល៥ឆ្នាំម្តង។ ព្រះចៅស៊ូលតង់ Ibrahim ដែលមានព្រះជន្ម៦៥ព្រះវស្សា ត្រូវក្លាយជាព្រះមហាក្សត្រថ្មី បន្តពីព្រះចៅស៊ូលតង់ Al-Sultan Abdullah ដែលនឹងវិលត្រឡប់ទៅដឹកនាំរដ្ឋ Pahang របស់ទ្រង់វិញ ក្រោយកាន់តួនាទីជាព្រះមហាក្សត្រ អស់រយៈពេល៥ឆ្នាំ តាំងពីឆ្នាំ២០១៩មក។

សូមបញ្ជាក់ថា នៅម៉ាឡេស៉ី ព្រះមហាក្សត្រមិនកាន់អំណាចនោះទេ ប៉ុន្តែឥទ្ធិពលរបស់ទ្រង់ត្រូវគេ មើលឃើញថា បានកើនឡើងក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ប៉ុន្មានឆ្នាំចុងក្រោយ ព្រះមហាក្សត្រម៉ាឡេស៉ី បានប្រើប្រាស់អំណាច ដែលកម្រនឹងប្រើ ដើម្បីជួយដោះស្រាយវិបត្តិអស្ថិរភាពនយោបាយនៅក្នុងប្រទេស នេះបើតាមការផ្សាយរបស់ Reuters ។