Social Network

ហ្វីលីពីនគ្រោងទិញនាវាមុជទឹក ដើម្បីការពារអធិបតេយ្យ នៅសមុទ្រចិនខាងត្បូង

 ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ទើបតែបានអនុម័តជំហានទី៣ នៃការធ្វើទំនើប កម្មយោធារបស់ប្រទេសហ្វីលីពីន ដែលក្នុងនោះរួមមានទាំងការទិញនាវាមុជទឹកដំបូងបង្អស់ផងដែរ ដើម្បី ការពារអធិបតេយ្យរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទទឹកដី។

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនប្រចាំសមុទ្រហ្វីលីពីនខាងលិច បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំណាក់កាលទី៣ នៃគម្រោងធ្វើទំនើបកម្មយោធា ដែលបានឆ្លងកាត់ការកែសម្រួល ដើម្បីឱ្យស្របតាមតម្រូវ ការរបស់ប្រទេស គឺត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់ថវិកាប្រមាណ២ទ្រីលានប៉េសូ (៣៥.៦២ពាន់ លានដុល្លារ) ហើយនឹងត្រូវអនុវត្តក្នុងរយៈពេលសរុប៧ឆ្នាំ។

សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យខាងលើ គឺលោកមិនទាន់អាចប្រាប់ឱ្យច្បាស់ថា នាវាមុជទឹកប៉ុន្មានគ្រឿង ដែលហ្វីលីពីនមានបំណងទិញឡើយ ប៉ុន្តែលោកបានបង្ហើបថា គឺនឹងលើសពី១គ្រឿង។

បារាំង អេស៉្បាញ កូរ៉េខាងត្បូង និងអ៉ីតាលី ជាដើម បាននាំគ្នាបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្គត់ផ្គង់នាវាមុជទឹកឱ្យហ្វីលីពីន នេះបើតាមការផ្សាយរបស់ Reuters ។