Social Network

យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៉ីលគ្រូសជាច្រើនគ្រាប់ទៀត

 កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើង បានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ដោយយោធាកូរ៉េខាងត្បូង និយាយថា វាជាសកម្មភាពភាពថ្មីទៀត ដែលបង្កឲ្យមានភាពតានតឹងពីសំណាក់រដ្ឋនុយក្លេអ៊ែរមួយនេះ។

ការបាញ់នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ឆ្ពោះទៅកាន់សមុទ្រលឿង ហើយអះអាងថា ជាការសាកល្បងលើកដំបូងនៃមីស៉ីលគ្រូសជំនាន់ថ្មីរបស់ខ្លួន។

អគ្គសេនាធិការចម្រុះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់ខាងត្បូង បានប្រទះឃើញមីស៉ីលគ្រូសមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលត្រូវបានបាញ់នៅជិតដែនទឹកជុំវិញតំបន់ Sinpo របស់កូរ៉េខាងជើងនៅម៉ោង ៨ព្រឹកថ្ងៃនេះ (ពេលវេលាក្នុងតំបន់)។

ការបាញ់បង្ហោះនេះ ស្ថិតក្រោមការវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយខ្លួន កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពបន្ថែមរបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា ខុសពីមីស៉ីលបាលីស្ទីក ការបាញ់សាកល្បងមីស៉ីលគ្រូស មិនត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនោះទេ នេះបើតាមការផ្សាយរបស់ AFP ។