Social Network

ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

ប្រទេសថៃ និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

នៅក្នុងពិធីមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសថៃ លោក Barnbury Pahiddha Naukkara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការគ្នាទៅវិញទៅមក ដែលវានឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមីនា។

រដ្ឋមន្ត្រីការបរទេសចិន ក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងបាងកក ក៏បានប្តេជ្ញាចិត្តក្នុងការពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

សូមបញ្ជាក់ថា មុនពេលផ្ទុះជំងឺកូវីដ១៩ ប្រទេសចិន គឺជាប្រភពដ៏សំខាន់សម្រាប់ទេសចរណ៍របស់ប្រទេសថៃ ប៉ុន្តែរហូតមកទល់ពេលនេះ ការវិលត្រឡប់របស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសនេះវិញ មានភាពយឺតយ៉ាវ។

ចំនួនអ្នកទេសចរចិន ដែលមកលេងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១១ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាល មកដល់ត្រឹមតែ ៣.៥ លាននាក់កាលពីឆ្នាំមុន នេះបើតាមការផ្សាយរបស់ AFP ។