Social Network

លោក ពូទីន បានចុះឈ្មោះជាផ្លូវការជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ

 ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានទទួលស្គាល់ជាផ្លូវការចំពោះបេក្ខភាពរបស់លោក វ៉្លាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនាខាងមុខ ជាការបោះឆ្នោត ដែលលោកស្ទើរតែប្រាកដក្នុងចិត្តថា នឹងឈ្នះ។

គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត បាននិយាយថា ខ្លួន បានចុះឈ្មោះលោក ពូទីន និងមេដឹកនាំស្តាំនិយម លោក Leonid Slutsky ដែលស្មោះត្រង់នឹងលោកពូទីន ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ការបោះឆ្នោត គ្រោងនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ដែលជាវិធានការមួយ ដែលអ្នករិះគន់វិមានក្រឹមឡាំង និយាយថា នឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការធានាតម្លាភាព។

បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅឆ្នាំ ២០២០ លោក ពូទីន អាចបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ ។ ក្រុមសិទ្ធិមនុស្ស និយាយថា ការបោះឆ្នោតមុនៗ ត្រូវបានរំខានដោយភាពមិនប្រក្រតីជាច្រើនករណី ហើយថា អ្នកសង្កេតការណ៍ឯករាជ្យ ក៏ទំនងជាត្រូវបានរារាំងពីការត្រួតពិនិត្យការបោះឆ្នោតផងដែរ។

សូមបញ្ជាក់ថា បុរសខ្លាំងពូទីន វ័យ ៧១ ឆ្នាំរូបនេះ បានដឹកនាំប្រទេសរុស្ស៊ីចាប់តាំងដើមដំបូង នៃសតវត្សមកម្លេះ ដោយបានឈ្នះការបោះឆ្នោតប្រធានាធិបតីចំនួនបួនអាណត្តិ និងបានបម្រើការជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលខ្លីនៅក្នុងប្រព័ន្ធមួយ ដែលក្រុមប្រឆាំងស្ទើរតែមិនមាន៕