Social Network

យោធាអាមេរិក បញ្ជូននាវាចម្បាំង ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង ក្រោយការបោះឆ្នោតតៃវ៉ាន់

  (ប៉េកាំង)៖ កងទ័ពជើងទឹកអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពី ការបោះឆ្នោតសកលរបស់តៃវ៉ាន់ ហើយដែលការធ្វើដំណើរបែបនេះតែងតែធ្វើឱ្យចិនខឹងសម្បារជារឿយៗ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថានាវាពិឃាដអាមេរិក USS John Finn បានធ្វើដំណើរឆ្លងកាត់ច្រកបៀងមួយក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់បណ្ដាប្រជាជាតិទាំងអស់។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា «គ្មានសមាជិកណាមួយនៃសហគមន៍អន្តរជាតិត្រូវបានសម្លុតគំរាម ឬក៏បំភិតភ័យឱ្យបោះបង់ចោលសិទ្ធិ និងសេរីភាពរបស់ពួកគេនោះទេ»។

ប៉ុន្តែព្រមពេលជាមួយគ្នា ខាងយោធាចិនឯណោះវិញ បានបង្ហាញការខឹងសម្បារដោយចាត់ទុកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយនាវាពិឃាដ អាមេរិក គឺជាទង្វើបង្ករឿង ខណៈកងកម្លាំងចិនកំពុងតាមដានសកម្មភាពនាវាចម្បាំងនេះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងពីវត្តមានយន្ដហោះយោធាចិនចំនួន១៨គ្រឿង បានធ្វើប្រតិបត្តិការ នៅក្បែរដែនកោះ របស់ខ្លួន និងដឹកនាំការធ្វើសមយុទ្ធត្រៀមលក្ខណៈប្រយុទ្ធរួមគ្នាជាមួយនាវាចម្បាំងចិនជាច្រើនគ្រឿង ដែលនេះជាសមយុទ្ធយោធាធំបំផុតរបស់ប៉េកាំង ក្រោយការបោះឆ្នោតសកលតៃវ៉ាន់កាលពីដើមខែមករា៕

ដកស្រង់ពី៖ Fresh News