Social Network

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលជាប់ពន្ធនាគារ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដោះលែងនៅខែក្រោយ

 មន្ត្រីនាយកដ្ឋានកែតម្រូវថៃ បានឲ្យដឹងកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងជាប់ពន្ធនាគារ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះលែងឱ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារកត្តាអាយុ និងសុខភាពរបស់លោក។ មហាសេដ្ឋីថាក់ស៊ីន អាយុ 74 ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យដោយជំងឺលើសឈាម និងតឹងទ្រូងក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវិលត្រឡប់មកប្រទេសថៃវិញ ក្នុងខែសីហា ពីការនិរទេសខ្លួនឯងរយៈពេល 15 ឆ្នាំ ដើម្បីអនុវត្តការកាត់ទោសរយៈពេល 8 ឆ្នាំពីបទរំលោភអំណាច។

ទោសរបស់លោក ត្រូវបានកាត់បន្ថយនៅរយះពេលមួយឆ្នាំ បន្ទាប់ពីការលើកលែងទោសពីព្រះមហាក្សត្រ។ នាយកដ្ឋានកែតម្រូវកាលពីសប្តាហ៍មុន បានពន្យាពេលការស្នាក់នៅរបស់លោកនៅក្នុងមន្ទីរពេទ្យប៉ូលីសដោយលើកឡើងពីតម្រូវការតាមដានសុខភាពរបស់លោក និងរង់ចាំទទួលសំណើរជាផ្លូវការពីពន្ធនាគារបាងកង សម្រាប់ការដោះលែងរូបលោក។

លោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ 2006 និងត្រូវបានយោធាចោទប្រកាន់ពីបទពុករលួយ បក្ខពួកនិយម និងរំលោភអំណាច ហើយត្រូវបានកាត់ទោសកំបាំងមុខ នៅឆ្នាំ២០០៨ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។