Social Network

កូរ៉េខាងត្បូងគ្រោងផ្តល់ជំនួយ៣លានដុល្លារដល់ជប៉ុន ដើម្បីជួយកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយរងគ្រោះរញ្ជួយដី

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ ស្មើនឹងទឹកប្រាក់៣លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្ថាបនាឡើងវិញនៅឧបទ្វីប Noto នៃខេត្ត Ishikawa ដែលបានទទួលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ជំនួយនេះនឹងជួយដល់ការងារស្ថាបនាឡើងវិញ នៃតំបន់ដែលរងការបំផ្លិចបំផ្លាញ ហើយអាចឱ្យប្រជាជនក្នុងតំបន់ វិលត្រឡប់ទៅរកស្ថានភាពរស់នៅប្រចាំថ្ងៃ ដូចដើមវិញក្នុងពេលឆាប់ៗ»។

ក្រសួងការបរទេសជប៉ុន បានឆ្លើយតបទៅវិញថា «ពួកយើងពិតជាស្វាគមន៍និងអរគុណជាខ្លាំង ចំពោះការសម្រេចចិត្តនេះ ដែលស្តែងឱ្យឃើញអំពីទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុននិងប្រតេសកូរ៉េខាងត្បូង»។

កាលពីសប្តាហ៍មុន ជប៉ុនបាននិយាយថា ខ្លួនកំពុងតែស្ថិតក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ស្តីពីការផ្តល់ជំនួយបន្ទាន់ ហើយបានបដិសេធសំណើចង់ផ្តល់ជំនួយពីប្រទេសដទៃទៀត រួមមានទាំងចិន ជាបណ្តោះអាសន្នសិន។

ក្រោយមក ទីក្រុងតូក្យូបានប្រកាសជាថ្មីថា នឹងយល់ព្រមទទួលយកជំនួយ ដរាបណាវាមិនបង្កបញ្ហាស្មុគស្មាញផ្នែកឡូជីស្ទីគ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ ដែលកើតមានកាលពីថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល បានផ្តាច់ជីវិតមនុស្សសរុបលើស២០០នាក់ នៅប្រទេសជប៉ុន ហើយបង្ខំឱ្យមនុស្សជាង២៦,០០០នាក់ផ្សេងទៀត ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

ដកស្រង់ពី៖ Fresh  News