Social Network

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne លាលែងចេញពីតំណែង មុនការរុះរើគណៈរដ្ឋមន្ត្រី

 នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ខណៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានគេរំពឹងថានឹងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី ក្នុងចេតនាផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជា ប្រធានាធិបតីរបស់លោក នៅមុនការបោះឆ្នោតសភាអឺរ៉ុប និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៨ ខែមករា វិមានប្រធានាធិបតីបារាំងបានឱ្យដឹងថា លោកស្រី Elisabeth Borne បាន ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់លោកប្រធានាធិបតី Macron កាលពីថ្ងៃចន្ទដដែលនោះ ហើយលោក Macron ក៏បានទទួលយក ការលាលែងរបស់លោកស្រី Borne ផងដែរ។

លោក Macron បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការថ្លែង អំណរគុណដល់លោកស្រី Borne សម្រាប់ការខិតខំបំពេញការងារកន្លងមកនេះ។ ប៉ុន្តែ លោកប្រធានាធិបតីបារាំង មិនបានបង្ហើបពីឈ្មោះអ្នកដែលត្រូវឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្មីនោះទេ ខណៈលោកស្រី Borne នឹងត្រូវបន្តកាន់តំណែងនេះបណ្ដោះអាសន្ន រហូតទាល់តែមានការតែង តាំងអ្នកជំនួសតំណែងលោកស្រី។

សូមបញ្ជាក់ថា លោកស្រី Elisabeth Borne ត្រូវបានលោក Macron តែងតាំងជានាយករដ្ឋមន្ត្រីបារាំង កាលពីខែឧសភា ឆ្នាំ២០២២ ហើយ ស្ត្រីទី២ ដែលបានកាន់តំណែងនេះនៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបារាំងលោកស្រី Édith Cresson នេះបើតាមការផ្សាយរបស់ AFP។