Social Network

ឥណ្ឌូណេស៉ីថាត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្នុងការសម្រេចឱ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង

(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី Retno Marsudi បាននិយាយថា នៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រី ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលជាយូរមកហើយ សម្រាប់សមុទ្រចិនខាងត្បូង ដែលជាតំបន់សមុទ្រមានបញ្ហាវិវាទ។

នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo នៅទីក្រុងម៉ានីល មុនទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo លោកស្រី Marsudi បានលើកឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសមាជិកអាស៊ានទាំងអស់ គឺរួមទាំងហ្វីលីពីនផងដែរ ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិមួយឱ្យបានឆាប់តាមតែអាចធ្វើទៅរួច»។

គួរបញ្ជាក់ថា អាស៊ាននិងចិនបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ក្នុងការរួមគ្នាបង្កើតក្របខណ្ឌ ដើម្បីចរចាសម្រេចឱ្យបានក្រមប្រតិបត្តិ សម្រាប់សមុទ្រចិនខាងត្បូង ពោលគឺជាផែនការមួយដែលត្រូវបានផ្តួចផ្តើមឡើង តាំងពីឆ្នាំ២០០២មកម្ល៉េះ ប៉ុន្តែវាមានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ទោះបីភាគីទាំងអស់បានប្តេជ្ញាថា នឹងប្រឹងប្រែង ជំរុញក៏ដូចជាពន្លឿននីតិវិធីចរចាក្តី។

ដោយឡែក ប៉ុន្មានខែចុងក្រោយនេះ ភាពតឹងបានកើនឡើងខ្លាំងនៅសមុទ្រចិនខាងត្បូង ដោយសារតែហេតុការណ៍ប្រឈមមុខ និងប៉ះគ្នាជាបន្តបន្ទាប់ រវាងទូកនិងនាវារបស់ហ្វីលីពីននិងចិន៕

ដកស្រង់ពី៖ Fresh News