Social Network

ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងជួបលោក បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ

 អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះ ទំនងជានឹងប្រព្រឹត្តទៅនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

កាលបរិច្ឆេទជាក់លាក់ នៃជំនួបពិភាក្សារវាងលោក Joko Widodo និងលោក ចូ បៃដិន គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ប៉ុន្តែលោកប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវធ្វើដំណើរទៅចូលរួមកិច្ច ប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលនឹងប្រារព្ធឡើងនៅទីក្រុង San Francisco នៃរដ្ឋ California របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែវិច្ឆិកា។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារដដែលនេះ លោក Joko Widodo ដែលជាមេដឹកនាំប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក បានលើកឡើងថា ការគាំទ្ររបស់ឥណ្ឌូណេស៉ីចំពោះបុព្វហេតុប៉ាឡេស្ទីន គឺនឹងមិនងាករេឡើយ។

ប្រទេសអាស៊ានមួយនេះ បានចូលរួមក្នុងការថ្កោលទោសរបស់អន្តរជាតិចំពោះការវាយប្រហារសងសឹកយ៉ាងខ្លាំងរបស់អ៉ីស្រាអែល ដែលបានសម្លាប់មនុស្សគិតមកទល់ពេលនេះ លើស១០,០០០នាក់ហើយ នៅតំបន់ Gaza Strip ក្រោយការវាយលុកទ្រង់ទ្រាយធំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នេះបើតាមការផ្សាយរបស់ Reuters ។